ប្រធានាធិបតី Tayyip Erdogan បានប្រកាសថា ប្រទេសតួកគីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី ១៤ ឧសភា ២០២៣ ដែលនេះគឺធ្វើឡើងមុនកាលកំណត់រយៈពេល ១ ខែ។ នេះបើតាមការចុះផ្សាយពី CNA។
ការិយាល័យប្រធានាធិបតីបានបញ្ចេញវីដេអូមួយកាលពីថ្ងៃអាទិត្យ ដែលបង្ហាញពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតដោយផ្ទាល់របស់ប្រធានាធិបតី អំឡុងពេលឃោសនារកសន្លឹកឆ្នោតពីអ្នកគាំទ្រជំនាន់ក្រោយ នៅភាគពាយ័ព្យនៃទីក្រុង Bursa។
“ខ្ញុំពិតជាមានសេចក្ដីសោមនស្សចំពោះព្រះ ដែលអាចឲ្យពួកយើងរួមដំណើរលើផ្លូវតែមួយ ជាមួយអ្នកជំនាន់ក្រោយ សម្រាប់ការបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ ឧសភាខាងមុខ”។ នេះបើតាមសម្ដីរបស់លោក Erdogan បាននិយាយ។
សូមជម្រាបដែរថា កាលបរិច្ឆេទបោះឆ្នោតដំបូងនឹងធ្វើឡើងនៅថ្ងៃទី ១៨ មិថុនា ប៉ុន្តែប្រធានាធិបតី Erdogan ធ្លាប់បានបង្ហើបថា អាចនឹងពន្លឿនកាលបរិច្ឆេទនៅក្នុងកាលៈទេសៈណាមួយ ស្របពេលមានការព្យាករថា ការបោះឆ្នោតសារនេះអាចនឹងធ្វើឲ្យរង្គោះរង្គើកៅអីប្រធានាធិបតីរបស់លោក Erdogan ទៀតផង៕