កាលបរិច្ឆេទនៃការបង់ការប្រាក់តំបូងប្រចាំឆ្នាំ ២០២៣ របស់ក្រុមហ៊ុន Twitter គឺកំពុងខិតកាន់តែកៀក ពោលគេសន្និដ្ឋានថា ថ្ងៃទី ២៧ មករាខាងមុខ គឺជាកាលកំណត់បង់ការប្រាក់ប្រមាណ ៣០០ លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Nationalnews។
ប្រភពដដែលបានបន្ថែមថា ជុំវិញបញ្ហាខាងលើនេះ Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនថ្មីហាក់មិនសូវអើពើប៉ុន្មានឡើយ បើទោះជាលោកធ្លាប់ប្រកាសថា ក្រុមហ៊ុនអាចមានលុយសុទ្ធសម្រាប់បង្ការហានិភ័យប្រមាណ ១ ពាន់លានដុល្លារ។
យ៉ាងណា លោកក៏ធ្លាប់បង្ហើបពីលទ្ធភាពនៃការក្ស័យធនរបស់ក្រុមហ៊ុនផងដែរ ដោយអះអាងថា ការធ្លាក់ចុះយ៉ាងគំហុកនៃចំណូលប្រចាំឆ្នាំ អាចជាបញ្ហាចំបង ស្របពេលកន្លងទៅមហាសេដ្ឋីមានបំផុតលើលោកទី ២ សង្កត់ធ្ងន់ថា Twitter អាចខាតបង់ដល់ ៣ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៣។
Elon Musk មិនមានហេតុផលអ្វីដែលតម្រូវឲ្យលោកខកខានបង់ការប្រាក់ឡើយ ប៉ុន្តែគ្មានអ្នកណាអាចស្មានចិត្តមេធំ Tesla បានឡើយ ដ្បិតកន្លងមកបុរសម្នាក់នេះតែងតែធ្វើឲ្យអ្នកតាមដានភ្ញាក់ផ្អើលស្ទើររាល់ពេលលោកសម្រេចចិត្តរឿងអ្វីមួយ។
បើសិនជាករណី Twitter គេចវេសមិនព្រមបង់ការប្រាក់ ៣០០ លានដុល្លារ នោះម្ចាស់បំណុលដែលជាធនាគារចំនួន ៧ អាចមានសិទ្ធប្ដឹងផ្ដល់ដល់តុលាការ ទាមទារសិទ្ធគ្រប់គ្រងក្រុមហ៊ុនបាន ក្នុងលក្ខខណ្ឌណាមួយ៕