ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ អាចមានរហូតដល់ ៣៦ ០០០ នាក់ក្នុងមួយថ្ងៃ អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ស្របពេលមានមនុស្សរាប់លាននាក់ធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន។ នេះបើតាមការព្យាករពី Airfinity ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យនៅអង់គ្លេស។

“បើតាមរបាយការណ៍អាប់ដែតចុងក្រោយបានបង្ហាញថា ករណីឆ្លងកូវីដនៅចិនអាចឡើងដល់ ៤,៨ លានករណី/ថ្ងៃ និងអត្រាឆ្លងសរុបចន្លោះពីថ្ងៃទី ១៣ ដល់ ២៧ មករា គឺមានរហូតដល់ ៦២ លានករណីឯណោះ”។
“ដោយឡែក អត្រាមរណភាពវិញអាចឡើងដល់ ៣៦ ០០០ ករណីនៅថ្ងៃទី ២៦ មករា អំឡុងបុណ្យចូលឆ្នាំចិន ដែលច្រើនជាងការព្យាករមុនៗ មានត្រឹម ២៥ ០០០ ករណី/ថ្ងៃ”។ នេះបើតាមរបាយការណ៍បង្ហាញដោយក្រុមហ៊ុនខាងលើ។

ដោយឡែក បើផ្អែកតាមរូបភាពថតដោយផ្កាយរណបពី Maxar Technologies និងបញ្ជាក់ដោយ Washington Post កាលពីថ្ងៃទី ០៩ មករាក៏បានបង្ហាញដែរថា មានពិធីបុណ្យសពជាច្រើននៅទីក្រុងធំចំនួន ៦ នៃប្រទេសចិន រាប់តាំងពីទីក្រុងប៉េកាំង ដល់ទីក្រុង Kunming គឺមានសភាពស្អេកស្កះខ្លាំងមែនទែន។

គួររំលឹកដែរថា ចាប់តាំងពីរដ្ឋាភិបាលប្រកាសបើកច្រកព្រំដែន ដែលជាសញ្ញានៃការបន្ធូបន្ថយវិធានការរឹតបន្តឹងកូវីដ១៩ មានសេចក្ដីរាយការណ៍ជុំវិញអត្រាឆ្លងកូវីដ រហូតដល់ជាង ៦០ ០០០ ករណី/ថ្ងៃ ហើយរដ្ឋាភិបាលក៏ប្រកាសឈប់ផ្សាយពីស្ថិតិនៃអត្រាអ្នកឆ្លង និងមរណភាព ដោយសារជំងឺកូវីដ១៩ ទៀតដែរ៕