នាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawiecki បានប្រកាសកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលរបស់លោកកំពុងសុំការអនុញ្ញាតបញ្ជូនរថក្រោះធន់ធ្ងន់ Leopard ទៅកាន់ប្រទេសអ៊ុយក្រែន ហើយបើទោះជាខាងអាល្លឺម៉ង់មិនយល់ព្រមក្ដី ក៏ប៉ូឡូញនឹងជំនះបញ្ជូនវាឲ្យដល់ដៃប្រទេសជិតខាងផងដែរ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា រដ្ឋាភិបាលអ៊ុយក្រែនត្រូវការរថក្រោះធន់ធ្ងន់ដូចជា Leopard 2 Tank ដើម្បីអាចវាយសម្រុកកងកម្លាំងរុស្ស៊ី និងដណ្ដើមទឹកដីរបស់ពួកគេមកវិញនៅក្នុងឆ្នាំនេះ។
ភាគីដែលទទួលរងការគាបសង្កត់ខ្លាំងក្នុងរឿងនេះគឺ អាល្លឺម៉ង់ ដ្បិតពួកគេកំពុងទទួលរងគំនាបទាំងសងខាងពីខាងប៉ូឡូញផង និងលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស EU ដើម្បីឲ្យអាល្លឺម៉ង់ត្រូវតែអនុម័តលើការនាំចេញរថក្រោះ Leopard។
“បើទោះជាពួកយើងមិនទទួលបានការអនុញ្ញាត ក៏ពួកយើងនឹងនៅតែបញ្ជូនរថក្រោះជាមួយប្រទេសដទៃ ទៅកាន់អ៊ុយក្រែន ហើយវាគឺជាសញ្ញាណតូចមួយ នៃការគាំទ្រដល់អ៊ុយក្រែន ពីប្រទេសជាច្រើន”។ នេះបើតាមសម្ដីនាយករដ្ឋមន្ត្រីប៉ូឡូញបាននិយាយ។
សូមជម្រាបដែរថា ខ្វះតែជាងមួយខែទៀតប៉ុណ្ណោះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនគឺមានរយៈពេល ១ ឆ្នាំ ហើយថ្មីៗនេះក្រុមសម្ព័ន្ធមិត្តលោកខាងលិចបានបើកកិច្ចប្រជុំស្ដីពីកញ្ចប់ជំនួយ និងសម្ភារៈសឹក ដែលត្រូវបញ្ជូនទៅកាន់អ៊ុយក្រែន សម្រាប់គម្រប់ខួបមួយឆ្នាំនៃសង្គ្រាម៕