បច្ចុប្បន្ន អ៊ុយក្រែនត្រូវការរថក្រោះធន់ធ្ងន់ជាច្រើនគ្រឿង ដើម្បីអាចធ្វើការវាយបកទៅកាន់កងកម្លាំងរុស្ស៊ី និងដណ្ដើមទឹកដីរបស់ខ្លួនមកវិញ ឲ្យបាននៅក្នុងឆ្នាំនេះ។
ដូច្នេះហើយប្រទេសជិតខាងប៉ូឡូញ បានប្រកាសថានឹងបញ្ជូនរថក្រោះធន់ធ្ងន់ Leopard ដែលផលិតឡើងនៅអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន បើទោះជាភាគីអាល្លឺម៉ង់យល់ព្រម ឬក៏មិនយល់ព្រមក្ដី។
ទន្ទឹមនឹងនោះ ក្រុមហ៊ុនអាល្លឺម៉ង់ Rheinmetallដែលជំនាញផលិតសម្ភារៈសឹក ជាពិសេសគឺរថក្រោះ Leopard តែម្ដង ក៏បានបង្ហើបដែរថា ពួកគេអាចបញ្ជូនរថក្រោះប្រភេទនេះរហូតដល់ ១៣៩ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន បើសិនជាចាំបាច់។ នេះបើតាមការចុះផ្សាយពី Kelo។
ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ពួកគេអាចបញ្ជូនរថក្រោះ Leopard 2A4 ចំនួន ២៩ នៅខែមេសា ឬឧសភា និងនៅចុងឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤ បន្ថែម ២២ គ្រឿងទៀត ចំណែកម៉ូដែលចាស់ Leopard 1 អាចបញ្ជូនដល់ ៨៨ គ្រឿង ប៉ុន្តែមិនបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់។
សូមជម្រាបដែរថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងរងគំនាបខ្លាំងពីប្រទេសអ៊ុយក្រែន និងសមាជិកណាតូមួយចំនួនដូចជា ប៉ូឡូញ ក្នុងការជំរុញឲ្យពួកគេគាំទ្រដល់ការបញ្ជូនរថក្រោះដែលផលិតនៅប្រទេសរបស់ខ្លួន ទៅកាន់តំបន់សមរភូមិដែលកំពុងក្ដៅគគុក៕