សង្វាក់ផលិតកម្មរថយន្តនៅប្រទេសថៃ មានការកើនឡើង ២,៧៥% កាលពីខែធ្នូ បើធៀបនឹងឆ្នាំមុនៗ រហូតដល់ ១៥៨ ៦០៦ គ្រឿង បន្ទាប់ពីកើនឡើង ១៥% កាលពីខែវិច្ឆិកា។ នេះបើតាមរបាយការណ៍ផ្សាយដោយសហព័ន្ធឧស្សាហកម្មថៃ ហៅកាត់ FTI។
សរុបការផលិតរថយន្តនៅក្នុងឆ្នាំ ២០២២ នៅប្រទេសថៃ មានការកើនឡើង ១១,៧៣% រហូតដល់ ១,៨៨ លានគ្រឿង ហើយការនាំចេញរថយន្តនៅក្នុងខែធ្នូ កើនឡើង ១០,១៧% កាលពីឆ្នាំទៅ រហូតដល់ ១១១ ៦០៥ គ្រឿង។
យ៉ាងណា ការលក់រថយន្តនៅក្នុងស្រុកបែរជាមានការថយចុះរហូតដល់ ៩,០២% មកនៅត្រឹម ៨២ ៧៩៩ គ្រឿង ដោយសារកង្វះខាតបន្ទះឈីប សម្រាប់ម៉ូដែលរថយន្តមួយចំនួន ក៏ដូចជាបញ្ហាទឹកជំនន់នៅតាមតំបន់មួយចំនួននៅក្នុងប្រទេសផង។
សូមជម្រាបដែរថា ប្រទេសថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្ត និងនាំចេញសម្រាប់ម៉ាកយីហោធំៗដូចជា Toyota និង Honda ខណៈឧស្សាហកម្មយានយន្តក៏ជាចំណែកធំមួយសម្រាប់ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ាន ពោលគ្របដណ្ដប់ ១០% នៃសេដ្ឋកិច្ចសរុប និងបានផ្ដល់ការងាររាប់ពាន់កន្លែងនៅក្នុងប្រទេសផងដែរ៕