ប្រទេសស្រីលង្កា គឺធ្លាប់បានប្រកាសក្ស័យធនកាលពីឆ្នាំទៅ បន្ទាប់ពីប្រទេសដីកោះមួយនេះជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងជាប់បំណុលបរទេសវ័ណ្ឌក រហូតអតីតប្រធានាធិបតីរត់ភៀសខ្លួនចាកចោលប្រទេសថែមទៀត។
យ៉ាងណា បន្ទាប់ពីមានការអន្តរាគមន៍ពីអង្គការអន្តរជាតិធំៗ និងជ្រើសតាំងប្រធានាធិបតីថ្មីមក រដ្ឋាភិបាលថ្មីបានរិះរកគ្រប់មធ្យោបាយ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ហើយថ្មីៗនេះពួកគេសង្ឃឹមថា អាចរៀបចំរចនាសម្ព័ន្ធបំណុលឲ្យរួចស្រេចក្នុងរយៈពេល ៦ ខែខាងមុខ។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ម្ចាស់បំណុលធំរបស់ស្រីលង្កាគឺ ចិន និងឥណ្ឌា ខណៈថ្មីៗនេះស្រីលង្កាបានទទួលការអនុគ្រោះមួយចំនួនពីឥណ្ឌា ហើយបច្ចុប្បន្នកំពុងរង់ចាំចរចាជាមួយចិនពីលទ្ធភាពសងបំណុល។
ដោយឡែក ស្រីលង្កាក៏កំពុងខ្ចីប្រាក់ជិត ៣ ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ IMF ប៉ុន្តែតម្រូវឲ្យមានការធានាពីចិន និងឥណ្ឌា ដែលជាម្ចាស់បំណុលធំ ទើបអាចសម្រេចកិច្ចព្រមព្រៀងចុងក្រោយបាន៕