កាលពីឆ្នាំ ២០២២ ប្រទេសថៃបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ១១,១៥ លាននាក់ ដែលកើនឡើងយ៉ាងសំបើមពីឆ្នាំ ២០២១ ដែលមានភ្ញៀវទេសចរណ៍មកកម្សាន្តប្រទេសថៃមិនដល់កន្លះលាននាក់ផង។
ទិន្នន័យសម្រាប់ឆ្នាំ ២០២៣ នេះទៀតសោត គឺវាមានច្រើនលើសពីការរំពឹងទុករបស់រដ្ឋាភិបាល ហើយវាក៏បានបង្ហាញភាពវិជ្ជមានដល់ការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចរបស់ថៃ ដែលបានខាតបង់ដោយសារការរាតត្បាតកូវីដ១៩ ផងដែរ។
ថ្វីបើឆ្នាំ ២០២២ ទិន្នន័យភ្ញៀវទេសចរណ៍អន្តរជាតិរបស់ថៃបង្ហាញភាពវិជ្ជមានខ្លាំងក៏ដោយ ប៉ុន្តែបើប្រៀបធៀបមុនផ្ទុះជំងឺរាតត្បាតកូវីដ១៩ ពោលកាលពីឆ្នាំ ២០១៩ ថៃធ្លាប់បង្កើតកំណត់ត្រាមួយ ដោយស្វាគមន៍ភ្ញៀវទេសចរណ៍ប្រមាណជិត ៤០ លាននាក់។
សូមជម្រាបដែរថា សម្រាប់ឆ្នាំ ២០២៣ នេះវិញ ថៃមានគម្រោងត្រៀមទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ២៥ លាននាក់ ហើយក្នុងនោះពួកគេរំពឹងថាអាចទទួលបានភ្ញៀវទេសចរណ៍ចិនយ៉ាងហោចណាស់ ៥ លាននាក់ ដោយសារចិនទើបនឹងបើកច្រកព្រំដែន ហើយពួកគេក៏ជាប្រភពចំណូលដ៏ធំសម្រាប់វិស័យទេសចរណ៍ប្រទេសថៃផងដែរ៕