Apple គ្រោងងាកចេញពីប្រទេសចិន ដោយចង់បង្កើនចំនួនផលិតកម្មឱ្យបាន ២៥% នៅឥណ្ឌា

អន្តរជាតិ

បើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Apple ចង់ធ្វើឱ្យប្រទេសរបស់ខ្លួន បង្កើនចំណែកផលិតកម្មសរុបរហូតដល់ ២៥% ពីចំនួនផលិតកម្មបច្ចុប្បន្នដែលមានត្រឹម ៥% ទៅ ៧% ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដែលផលិតទូរស័ព្ទ iPhone មួយនេះ បាននឹងកំពុងធ្វើការផ្លាស់ប្តូរការផលិតរបស់ខ្លួន ចេញឆ្ងាយពីប្រទេសចិន បន្ទាប់ពីទទួលបានផលរំខានជាច្រើន កាលពីឆ្នាំមុន ជាពិសេសនៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់ចេញនូវគោលនយោបាយរឹតបន្តឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

យ៉ាងណាមិញ លោក Piyush Goyal រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា បានមានប្រសាសន៍ថា ៖ ” Apple ជារឿងជោគជ័យមួយផ្សេងទៀត ដែលបានជ្រើសរើសយកប្រទេសឥណ្ឌា ជាទិសដៅផលិតកម្ម ដែលមានការប្រកួតប្រជែង។ ក្រុមហ៊ុននេះ កំពុងមានប្រហែល ៥%-៧% នៃផលិតកម្មសរុបរបស់ពួកគេ នៅក្នុងប្រទេសឥណ្ឌា។ បើខ្ញុំមិនច្រឡំទេនោះ ពួកគេកំពុងកំណត់គោលដៅបង្កើនផលិតកម្មជាមួយយើង ឱ្យដល់ ២៥% ខណ:ពួកគេក៏បានបញ្ចេញផលិតផលថ្មីៗ ដែលផលិតនៅប្រទេសឥណ្ឌារួចទៅហើយនោះ ” ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានព្យាយាមបោះទុនធំមកលើប្រទេសឥណ្ឌា ចាប់តាំងពីពួកគេបានជ្រើសរើសយកប្រទេសនេះ ដើម្បីចាប់ផ្តើមដំឡើងទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៧ មក តាមរយ:ក្រុមហ៊ុនដៃគូ Wistron និងក្រោយមកជាមួយក្រុមហ៊ុន Foxconn ។

លើសពីនេះទៅទៀត តាមរយ:ក្រុមហ៊ុនដៃគូ Foxconn បានបង្ហាញថាពួកគេ គ្រោងនឹងបង្កើនកម្លាំងពលកម្មដល់ ៤ ដង នៅក្នុងរោងចក្រ iPhone របស់ខ្លួន ក្នុងប្រទេសឥណ្ឌា រយ:ពេល ២ ឆ្នាំខាងមុខ ខណ:ពេលដែលក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple មួយនេះ ក៏បានប្រកាសពីការចាក់បញ្ចូលទុនវិនិយោគ ៥០០ លានដុល្លារ បន្ថែមទៀត ទៅក្នុងរោងចក្ររបស់ខ្លួន នៅឥណ្ឌា ដើម្បីជំរុញសកម្មភាពផលិតកម្មឱ្យកាន់តែធំជាងមុនផងដែរ ៕