ក្រុមហ៊ុន Ford ប្រកាសត្រៀមកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ពីរោងចក្រខ្លួន នៅអាល្លឺម៉ង់

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយរបស់ពិភពលោក Ford បានប្រកាសអំពីគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយចំនួនបុគ្គលិករាប់ពាន់នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជារោងចក្ររបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុបផ្សេងទៀត ដើម្បីងាកទៅផ្តោតលើការអភិវឌ្ឍផលិតកម្មរបស់ខ្លួនបន្ថែមទៀត នៅសហរដ្ឋអាមេរិកជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ បើតាមការឱ្យដឹងពីក្រុមសហជីព IG Metall ដែលជាអ្នកតំណាងឱ្យកម្មករធ្វើការក្នុងរោងចក្រនៅអាល្លឺម៉ង់ជាង ២,២ លាននាក់ ក្នុងឧស្សាហកម្មរថយន្ត បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Ford បានធ្វើការប្រកាសអំពីផែនការផ្ទៃក្នុងរបស់ពួកគេរួចរាល់ហើយ ក្នុងការកាត់បន្ថយបុគ្គលិករហូតដល់ទៅ ៣ ២០០ នាក់ នៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាបន្តកាត់បន្ថយចំនួនបុគ្គលិក នៅក្នុងរោងចក្ររបស់ពួកគេផ្សេងទៀត ក្នុងតំបន់អឺរ៉ុបផងដែរ ។

បើតាមអ្នកនាំពាក្យរបស់ក្រុមសហជីព IG Metall បាននិយាយប្រាប់អ្នកយកព័ត៌មានទៀតថា ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន Ford ភាគច្រើន នឹងធ្វើឡើងនៅក្នុងទីក្រុង Cologne ដែលជារោងចក្រដ៏ធំមួយ ហើយចំពោះបញ្ហានេះ បានធ្វើឱ្យកើតមានក្តីព្រួយបារម្ភយ៉ាងខ្លាំង និងបានគំរាមគំហែងដល់កម្មករនៅទូទាំងប្រទេសអាល្លឺម៉ង់ ។

គួរឱ្យដឹងថា ក្រុមហ៊ុន Ford បានធ្វើការកាត់បន្ថយបុគ្គលិក នៅក្នុងតំបន់អឺរ៉ុបអស់រយ:ពេលច្រើនឆ្នាំមកហើយ ដោយក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ កំពុងព្យាយាមរក្សាការផ្គត់ផ្គង់របស់ខ្លួន ទៅលើការផលិតរថយន្តអគ្គិសនីជំនួសវិញ ជាពិសេសនៅចំពេលសហភាពអឺរ៉ុប (EU) គ្រោងនឹងបញ្ឈប់ការលក់រថយន្តដើរដោយចំហេះប្រេងសាំង និងម៉ាស៊ូត នៅត្រឹមឆ្នាំ ២០៣៥ ។

ជម្រាបជូនផងដែរថា កាលពីខែវិច្ឆិកាឆ្នាំមុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោក Jim Farley បានអះអាងថា ការផលិតរថយន្តអគ្គិសនី នឹងត្រូវការកម្មករតិចជាង ៤០% បើធៀបនឹងការផលិតរថយន្តដែល​ដើរ​ដោយចំហេះប្រេងឥន្ធន: ៕