ក្រុមហ៊ុនសារព័ត៌មាន Washington Post បានប្រកាសបញ្ឈប់បុគ្គលិករបស់ខ្លួនប្រមាណ ២០ នាក់ភ្លាមៗ បន្ទាប់ពីម្ចាស់ក្រុមហ៊ុន Jeff Bezos បានធ្វើដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន ខណៈលោកកម្រទៅអើតក្រុមហ៊ុនមួយនេះណាស់។
យោងតាមការចុះផ្សាយពី Dailymail បានបង្ហាញថា ក្រុមហ៊ុនសារព័ត៌មានខាងលើបានបញ្ឈប់បុគ្គលិកសារព័ត៌មាន ២០ នាក់ក្នុងចំណោមអ្នកកាសែត ១ ០០០ នាក់ និងប្រកាសថា នឹងទុកចន្លោះទំនេរសម្រាប់ឱកាសការងារ ៣០ កន្លែង។
ការកាត់បន្ថយបុគ្គលិករបស់ Washington Post កើតមានឡើង ចំពេលលឺល្ហៀងៗថា Jeff Bezos មានបំណងចង់លក់ក្រុមហ៊ុនសារព័ត៌មាននៅទីក្រុង Washington DC ដើម្បីទិញក្រុមបាល់ទាត់ Washington Commanders NFL វិញ។
គួររំលឹកដែរថា តាំងពីស្ថាបនិកក្រុមហ៊ុន Amazon ទិញយកក្រុមហ៊ុន Washington Post កាលពីឆ្នាំ ២០១៣ មក ក្រុមហ៊ុនមួយនេះរមែងរកប្រាក់ចំណេញជារៀងរាល់ឆ្នាំ ទោះច្រើនឬតិចក្ដី ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមហ៊ុនបានប្រកាសពីការខាតបង់ជាប់ៗគ្នា។
ដូច្នេះហើយ ប្រធាននាយកប្រតិបត្តិប្រចាំក្រុមហ៊ុន Fred Ryan បានបង្ហើបថា ក្រុមហ៊ុនត្រូវការកាត់បន្ថយការចំណាយលើបុគ្គលិក ហើយសម្រាប់ផ្នែកសារព័ត៌មានអាចនឹងត្រូវកាត់បន្ថយបុគ្គលិករហូត ១០% ពោលគឺ អ្នកកាសែតប្រមាណ ១០០ នាក់នឹងត្រូវដកចេញពីក្រុមហ៊ុនមួយនេះ៕