បើយោងតាមកាសែត Wall Street Jounal បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Ford Motor Co កំពុងធ្វើការពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD Co ជុំវិញការលក់រោងចក្រផលិតរថយន្តរបស់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់។

យ៉ាងណាមិញ រោងចក្រដែលក្រុមហ៊ុន Ford កំពុងពិភាក្សាដាក់លក់នោះ គឺរោងចក្រ Saarlouis ដែលកំពុងនៅក្នុងដំណើរការសាងសង់នៅឡើយ ខណ:ការផលិតរថយន្តដំបូងនៅក្នុងរោងចក្រនេះ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើម នៅឆ្នាំ ២០២៥ ខាងមុខ ។
ហើយមិនតែប៉ុណ្ណោះ បើតាមរបាយការណ៍ពី WSJ បាននិយាយទៀតថា ការពិភាក្សារវាងក្រុមហ៊ុន Ford និង BYD នៅតែស្ថិតនៅក្នុងដំណាក់បឋមនៅឡើយ ហើយអាចនឹងឈានដល់ដំណាក់កាលចុងក្រោយ នៅក្នុងពេលខាងមុខ ជាពិសេសនៅពេលក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក កំពុងព្យាយាមវាយតម្លៃចំណាប់អារម្មណ៍ពីសំណាក់អ្នកវិនិយោគធំៗ មកលើករោងចក្ររបស់ខ្លួនមួយនេះ ។

គួរឱ្យដឹងថា ដោយសារតែមានការកើនឡើងខ្ពស់នៃថ្លៃដើមចំណាយទៅលើសម្ភារអាគុយរថយន្តអគ្គិសនី ក៏ដូចជាមានការព្យាករ អំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ហាក់កំពុងតែបានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើក្រុមហ៊ុនផលិតរថយន្ត ដើម្បីព្យាយាមកាត់បន្ថយការចំណាយ តាមដែលអាចធ្វើទៅបាន ។
លើសពីនេះ ក្រុមហ៊ុន Ford ក៏បាននិយាយកាលពីថ្ងៃអង្គារផងដែរថា ខ្លួនកំពុងមានគម្រោង ក្នុងការកាត់បន្ថយចំនួនការងារនៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីបានប្រកាសអំពីផែនការ ក្នុងការកាត់បន្ថយបុគ្គលិករហូតដល់ទៅ ៣ ២០០ នាក់ នៅក្នុងរោងចក្ររបស់ខ្លួនមួយ នៅឯទីក្រុង Cologne នៃប្រទេសអាល្លឺម៉ង់ ៕