កាលពីថ្ងៃទី ២៥ មករាកន្លងទៅ ប្រទេសអាល្លឺម៉ង់បានយល់ព្រមសំណើប៉ូឡូញ ក្នុងការបញ្ជូនរថក្រោះធន់ធ្ងន់ Leopard ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីវាយដណ្ដើមទឹកដីដែលបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ី។
ក្រៅពីយល់ព្រមបញ្ជូនរថក្រោះធន់ធ្ងន់ដែលផលិតនៅប្រទេសរបស់ខ្លួន អាល្លឺម៉ង់ថែមទាំងត្រៀមបើកវគ្គហ្វឹកហ្វឺនពលទាហានអ៊ុយក្រែននាពេលឆាប់ៗខាងមុខ និងបានសន្យាជួយទាំងផ្នែកភស្តុភារ និងគ្រាប់កាំភ្លើងដល់អ៊ុយក្រែនថែមទៀត។ នេះបើតាមការចុះផ្សាយពី CNA។
សេចក្ដីសម្រេចចិត្តរបស់អាល្លឺម៉ង់ ប្រៀបដូចជាការបើកផ្លូវដល់ប្រទេសប៉ូឡូញ អេស្ប៉ាញ និងន័រវែស សម្រាប់បញ្ជូនរថក្រោះម៉ូដែល Leopard ដែលមាននៅក្នុងប្រទេសរបស់ពួកគេ ទៅកាន់ប្រទេសអ៊ុយក្រែន ខណៈមេដឹកនាំនៃប្រទេសមួយនេះក៏តែងទទូចសុំជំនួយផ្នែកសព្វាវុធ ដើម្បីទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី។
សូមជម្រាបដែរថា ខ្វះតែជាងមួយខែទៀតប៉ុណ្ណោះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននឹងអូសបន្លាយពេលរហូតដល់ ១ ឆ្នាំ ពោលរុស្ស៊ីបានបើកការវាយប្រហារចូលប្រទេសអ៊ុយក្រែន កាលពីចុងខែកុម្ភៈ ២០២២ និងបង្កឲ្យសេដ្ឋកិច្ចសកលជួបហានិភ័យជាខ្លាំង៕