បច្ចុប្បន្នបើនិយាយពីរថយន្តអគ្គិសនី ក្រុមហ៊ុន Tesla គឺជារថយន្តឈានមុខគេលើវិស័យមួយនេះ ដ្បិតពួកគេគឺជាអ្នកបើកផ្លូវនៃរបកគំហើញនៃរថយន្តអគ្គិសនី សម្រាប់ក្រុមហ៊ុនជំនាន់ក្រោយ។
យ៉ាងណា សព្វថ្ងៃមានក្រុមហ៊ុនខ្នាតយក្សជាច្រើនក៏កំពុងសំងំផលិតរថយន្តអគ្គិសនីផងដែរ ដោយសារតម្រូវការកើនឡើង ស្របពេលប្រេងឥន្ធនៈឡើងថ្លៃផង ធ្វើឲ្យប្រជាជនងាកមកចាប់អារម្មណ៍រថយន្តប្រើថាមពលអគ្គិសនីជំនួសវិញ។
ទន្ទឹមនឹងនោះ មេធំ Tesla លោក Elon Musk បានបង្ហើបឲ្យដឹងថា គូប្រជែងដែលធំបំផុតរបស់ក្រុមហ៊ុនមិនមែននៅ Detroit ឬនៅអាល្លឺម៉ង់ឡើយ ពោលចិនទើបជាគូប្រជែងខ្លាំងបំផុតសម្រាប់ពួកគេ។ នេះបើតាមការចុះផ្សាយពី CNA។

“ពួកគេ (ចិន) ធ្វើការល្អបំផុត និងឆ្លាតខ្លាំងណាស់ ដូច្នេះហើយពួកយើងគិតថា ប្រហែលជាមានក្រុមហ៊ុនខ្លះនៅប្រទេសចិន ទំនងក្លាយជាគូប្រជែងសំខាន់បំផុតរបស់ Tesla”។ នេះបើតាមសម្ដីរបស់ Elon Musk បាននិយាយ។
ថ្វីបើអតីតមហាសេដ្ឋីមានបំផុតលើលោក មិនបង្ហើបឈ្មោះក្រុមហ៊ុនណាក៏ពិតមែន ប៉ុន្តែបើសង្កេតមើលឲ្យដិតដល់ ក្រុមហ៊ុន BYD Co Ltd មានលទ្ធភាពច្រើនក្នុងការក្លាយជាគូប្រជែងសំខាន់របស់ Tesla ដ្បិតកន្លងមកពួកគេធ្លាប់ដណ្ដើមចំណែកទីផ្សារនៅក្នុងប្រទេសចិន បានយ៉ាងច្រើន ខណៈទិន្នន័យលក់រាយរបស់ពួកគេក៏មានច្រើន Tesla សឹងទ្វេដងឯណោះ៕