ឧស្សាហកម្មដែករបស់ប្រទេសវៀតណាម កំពុងឆ្ពោះទៅរកដំណាក់កាលដ៏យ៉ាប់យឺនបំផុតមួយ នៅពេលដែលរដ្ឋាភិបាលរបស់ប្រទេសនេះ ធ្វើការរឹតបន្តឹងខ្លាំងទៅលើការបង្រ្កាបអំពើពុករលួយទ្រង់ទ្រាយធំ ដែលបណ្តាលឱ្យមានការប៉ះពាល់ដល់វិស័យអចលនទ្រព្យ និងឧស្សាហកម្មសំណង់ នៅក្នុងប្រទេស។

បើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Nikkei Asia កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញថា ក្រុមហ៊ុន Hoa Phat ដែលជាក្រុមហ៊ុនផលិតដែកថែបធំជាងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានបង្ខំចិត្តផ្អាកប្រតិបត្តិការ នៅក្នុងឡស្លដែកចំនួន ៤ របស់ខ្លួន ចាប់តាំងពីចុងឆ្នាំមុនមក ស្របពេលក្រុមហ៊ុនផលិតដែករបស់វៀតណាមផ្សេងទៀត ដែលប្រើប្រាស់ឡស្លដែកអគ្គិសនី ក៏ត្រូវបាន បង្ខំឱ្យមានការកាត់បន្ថយផលិតកម្មរបស់ពួកគេយ៉ាងច្រើនផងដែរ ។
មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម រាយការណ៍ឱ្យដឹងទៀតថា ការលក់ដែកថែបរបស់ក្រុមហ៊ុនផលិតដែកធំជាងគេ នៅក្នុងប្រទេសចំនួន ៣ ដែលមានដូចជា Hoa Phat, Hoa Sen និង Nam Kim បានធ្លាក់ចុះ ២៥% នៅក្នុងត្រីមាស ដែលគិតចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំមុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតដែកធំជាងគេ Hoa Phat ក៏បានធ្វើការរាយការណ៍ ពីការខាតបង់ប្រាក់សុទ្ធរបស់ខ្លួន ប្រហែល ៧៦ លានដុល្លារផងដែរ សម្រាប់រយៈពេល ដែលគិតនៅចន្លោះ ខែកក្កដាដល់ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ដែលនេះគឺជាការខាតបង់ដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីអំឡុងខែតុលាដល់ខែធ្នូឆ្នាំ ២០០៨ ដែលនៅពេលនោះតំបន់អាស៊ីកំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ។
លើសពីនេះ សារព័ត៌មាន Nikkei បានបង្ហាញឱ្យដឹងទៀតថា កក្តាធំបំផុតមួយ ដែលបានជះឥទ្ធិពលដល់ឧស្សហកម្មដែក ក្នុងប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ គឺបានកើតឡើង ដោយសារតែបក្សកាន់អំណាច ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយលោក Nguyen Phu Trong កំពុងតែធ្វើការបង្រ្កាបទ្រង់ទ្រាយធំ ទៅលើអំពើពុករលួយ ដែលផ្តោតសំខាន់ទៅលើទីផ្សារហិរញ្ញវត្ថុ និងមូលធន ទាក់ទងនឹងវិស័យអចលនទ្រព្យ។

គួរឱ្យដឹងផងដេរថា នៅក្នុងឆ្នាំ ២០២២ កន្លងទៅ មហាសេដ្ឋីអចលនទ្រព្យល្បីៗ នៅក្នុងប្រទេសវៀតណាម ដូចជាប្រធានក្រុមហ៊ុន FLC លោក Trinh Van Quyet , ប្រធានក្រុមហ៊ុន Tan Hoang Minh លោក Do Anh Dung និងលោកស្រី Truong My Lan ដែលជាម្ចាស់ក្រុមហ៊ុន Van Thinh Phat Group ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដោយសារតែពាក់ព័ន្ធជាមួយនឹងអំពើពុករលួយ ។
ជុំវិញវិធានការបង្រ្កាបអំពើពុករលួយទាំងនេះហើយ ដែលបានជំរុញឱ្យសកម្មភាពក្នុងវិស័យសំណង់ និងទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសវៀតណាម មានការដាំក្បាលចុះជាលំដាប់ ខណ:ពេលដែលការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន ដែលត្រូវបានគេចាត់ទុកថាជាអ្នកផ្គត់ផ្គង់ដែកធំបំផុតមួយលើពិភពលោកផងនោះ ក៏ត្រូវបានគេយល់ឃើញថា នឹងប៉ះពាល់ដល់ប្រទេសវៀតណាម ផងដែរ ៕