បើតាមទិន្នន័យដែលទទួលបានពីក្រសួងវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បានបង្ហាញឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ប្រទេសខ្លួន បានកើនឡើង ៤៤,២% នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ដោយសារតែទទួលបានការជំរុញជាពិសេសទៅលើវិស័យលោហ: និងរ៉ែ ។

មិនតែប៉ុណ្ណោះ យោងតាមរបាយការណ៍ចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ឥណ្ឌូនេស៊ី ទទួលបានការវិនិយោគផ្ទាល់ពីបរទេស ក្នុងទំហំទឹកប្រាក់ ៦៥៤,៤ ទ្រីលានរូពី ឬស្មើនឹង ៤៥,៦ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ខណ:ទិន្នន័យនេះ មិនទាន់រាប់បញ្ចូលទាំងការវិនិយោគ ក្នុងវិស័យធនាគារ ប្រេង និងឧស្ម័ននោះឡើយ ។
គួរឱ្យដឹងថា ប្រទេសដែលសម្បូរទៅដោយធនធានរ៉ែដ៏ច្រើនសម្បើមមួយនេះ បាននឹងកំពុងព្យាយាមទាញយកផលិតផលរ៉ែនីកែលរបស់ខ្លួន ដើម្បីមកធ្វើការអភិឌ្ឍទៅលើក្នុងឧស្សាហកម្មអាគុយ និងរថយន្តអគ្គិសនី នៅក្នុងប្រទេស ។

ទន្ទឹមនឹងនេះ បើតាមប្រភពខាងលើ បានបង្ហាញទៀតថា ការវិនិយោគផ្ទាល់ពីបរទេស នៅក្នុងវិស័យរ៉ែ រួមទាំងលោហធាតុ បានកើនឡើងដល់ ១១ ពាន់លានដុល្លារ កាលពីឆ្នាំមុន ពោលគឺវាបានក្លាយជាវិស័យ ដែលទទួលបានការវិនិយោគដ៏ធំបំផុតពីបរទេស ហើយចំពោះប្រភពដ៏ធំបំផុត ដែលបានមកចូលខ្លួន មកធ្វើការវិនិយោគលើវិស័យមួយនេះ មានដូចជា ប្រទេសសិង្ហបុរី ចិន និងហុងកុង ។
បន្ថែមពីនេះ បើតាមរដ្ឋមន្ត្រីក្រសួងវិនិយោគ លោក Bahlil Lahadalia បាននិយាយថា ការវិនិយោគសរុប ទាំងពីបរទេស និងក្នុងស្រុក បានឈានដល់ ១២០៧ ទ្រីលានរូពី ឬស្មើនឹង ៨១,០២ ពាន់លានដុល្លារអាមេរិក ខណ:ចំនួននេះ គឺប្រហាក់ប្រហែលគ្នា ទៅនឹងគោលដៅដែលរដ្ឋាភិបាលបានគ្រោងទុកផងដែរ ៕