កាលពីថ្ងៃសុក្រនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃបាននិយាយថា កំណើនសេដ្ឋកិច្ចក្នុងស្រុកនាឆ្នាំ ២០២៣ អាចកើនឡើងដល់ ៣,៨% ដោយសារសន្ទុះឡើងវិញនៃកំណើនទេសចរណ៍ ក៏ដូចជាតម្រូវការក្នុងស្រុក។
ថ្វីបើវិស័យសំខាន់ៗ ២ ក្នុងស្រុកកំពុងមានសញ្ញាណវិជ្ជមាន ប៉ុន្តែរដ្ឋាភិបាលបង្ហើបថា ការនាំចេញនៅឆ្នាំនេះ អាចនឹងមានបញ្ហារអាក់រអួល ពោលនឹងមានកំណើនទាបជាងឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពី CNA។
ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសថៃ គឺមានសភាពយឺតយ៉ាវជាងសមាជិកអាស៊ានដទៃ ដ្បិតប្រភពចំណូលធំគឺវិស័យទេសចរណ៍ ទើបនឹងមានសន្ទុះឡើងវិញកាលពីឆ្នាំទៅ ជាមួយចំនួនភ្ញៀវទេសចរណ៍ ១១,១៥ លាននាក់។
ទន្ទឹមនឹងនោះ ប្រទេសថៃមានការរំពឹងទុកថា ពួកគេអាចនឹងទទួលភ្ញៀវទេសចរណ៍អន្តរជាតិបន្ថែម ២៧,៥ លាននាក់នៅឆ្នាំនេះ កើនឡើងពីការព្យាករណ៍ទុកកន្លងទៅដែលមានត្រឹម ២១,៥ លាននាក់៕