កាលពីប៉ុន្មានសប្ដាហ៍មុន រដ្ឋាភិបាលប្រទេសចិនបានប្រកាសថា ចាប់ផ្ដើមបើកច្រកព្រំដែនឡើងវិញ ដើម្បីស្ដារសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាបង្កើនសន្ទុះឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុកផងដែរ។
ជាមួយគ្នានោះ ក្រុមហ៊ុនអ្នកមានបំផុតលើលោក Bernard Arnault គឺក្រុមហ៊ុន LVHM ដែលលក់សម្ភារៈស៊ីវិល័យបានទម្លាយថា អតិថិជនជនជាតិចិនបានចាប់ផ្ដើមមកទិញទំនិញតាមហាងឡើងវិញ បន្ទាប់ពីបើកច្រកព្រំដែន ហើយពួកគេរំពឹងថា វានឹងបន្តផ្ដល់សញ្ញាវិជ្ជមានបន្តទៀត។
“ពួកយើងមានមូលហេតុគ្រប់គ្រាន់ក្នុងការរក្សាទំនុកចិត្ត ជាពិសេសគឺសុទិដ្ឋិនិយមលើប្រទេសចិន។ តួយ៉ាងនៅម៉ាកាវ ប្រជាជនចិនអាចធ្វើដំណើរទៅទីនោះបាន ហើយវាបានផ្លាស់ប្ដូរស្ថានការណ៍ច្រើន ពោលគ្រប់ហាងគឺពេញដោយអតិថិជន”។ នេះបើតាមសម្ដី CEO ជនជាតិបារាំងបានប្រាប់ទៅកាន់ CNBC។
សូមជម្រាបដែរថា ការវិលត្រឡប់មកវិញនៃអតិថិជនលំដាប់អភិជន នឹងធ្វើឲ្យទីផ្សារសម្ភារៈនិយមមានការងើបឡើងខ្ពស់នៅឆ្នាំ ២០២៣ ស្របពេល LVMH បានទម្លាយថា ប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ កើនឡើង ២៣% ដល់ ៨៦,២ ពាន់លានដុល្លារ ខណៈប្រាក់ចំណេញទទួលបានជាង ១៥ ពាន់លានដុល្លារ៕