ថៃ រាយការណ៍ពីការធ្លាក់ចុះ នៃការនាំចេញរបស់ខ្លួនជិត ១៥% ក្នុងខែធ្នូ ឆ្នាំ ២០២២

អន្តរជាតិ

យោងតាមទិន្នន័យដែលទទួលបានពីក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញឱ្យដឹងថា ទំហំនៃការនាំចេញរបស់ខ្លួន បានធ្លាក់ចុះ សម្រាប់ខែទី ៣ ជាប់ៗគ្នា នៅក្នុងខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ដោយសារតែស្ថានភាពមិនល្អនៃសេដ្ឋកិច្ចពិភពលោក ដែលបានធ្វើឱ្យប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចេញ ដែលជាកក្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ថៃ ត្រូវបានរាយការណ៍ថាបានធ្លាក់ចុះដល់ ១៤,៦% ក្នុងខែធ្នូ ធៀបទៅនឹងរយ:ពេលដូចគ្នាទៅនឹងឆ្នាំ ២០២១ មកនៅត្រឹមចំនួន ២១,៧២ ពាន់លានដុល្លារប៉ុណ្ណោះ ។

គួរឱ្យដឹងថា នៅក្នុងចំណោមទីផ្សារធំៗរបស់ប្រទេសថៃ គិតក្នុងខែធ្នូដដែលនោះ ការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ៣,៩% ខណ:តំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះ ១៩% ពីមួយឆ្នាំទៅមួយ ស្របពេលក្រសួងក៏បានបង្ហាញទៀតថា ការនាំចេញទៅកាន់ប្រទេសចិនវិញ ក៏មានការធ្លាក់ចុះ ២០,៨% ផងដែរ កាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Jurin Laksanawisit បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានមួយថា នៅក្នុងឆ្នាំ ២០២២ ទាំងមូល ទំហំនៃការនាំចេញសរុបរបស់ថៃ បានឈានដល់កម្រិតខ្ពស់បំផុតមួយ ក្នុងចំនួន ២៨៧ ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៥,៥% ដែលលើសពីការព្យាករទុករបស់ក្រសួងចំនួន ៤% ។

ស្របពេលជាមួយគ្នានោះ ការនាំចូលរបស់ប្រទេសថៃ ក៏បានកើនឡើង ១៣,៦% ផងដែរ ដល់ចំនួន ៣០៣ ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ១៦,១២ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ។

យ៉ាងណាមិញ លោក Jurin បាននិយាយថា ក្រសួងកំពុងធ្វើការកំណត់គោលដៅចំពោះកំណើនការនាំចេញប្រចាំឆ្នាំរបស់ខ្លួន មកនៅត្រឹម ១% ទៅ ២% ប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២៣ នេះ ដោយបានលើកឡើងពីកត្តាអវិជ្ជមានជាច្រើន ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលកំពុងបន្ត ជាពិសេសនៅពេលដែលវាបានជះឥទ្ធិពលទៅកាន់ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់ថៃតែម្តង ៕