បច្ចុប្បន្ន អ៊ុយក្រែនកំពុងត្រូវការសព្វាវុធយ៉ាងច្រើនជាចាំបាច់ ដើម្បីទប់ទល់ពីការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី ខណៈខាងអាមេរិក និងអាល្លឺម៉ង់បានច្រានចោលសំណើរបស់ប្រធានាធិបតី Volodymyr Zelenskyy ក្នុងការសុំជំនួយលើគ្រាប់មីស៊ីល និងយន្តហោះចំបាំង។
ទន្ទឹមនឹងនោះ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដែលកំពុងស្ថិតនៅកូរ៉េខាងត្បូងក៏បានចេញមុខ សុំឲ្យមហាអំណាចសេដ្ឋកិច្ចនៅតំបន់អាស៊ីមួយនេះ ជួយផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ុយក្រែនផង។ នេះបើតាមការចុះផ្សាយពី CNA។
គួររំលឹកដែរថា កូរ៉េខាងត្បូងធ្លាប់បានចុះអនុសញ្ញាធំមួយក្នុងការផ្គត់ផ្គង់រថក្រោះរាប់រយគ្រឿង យន្តហោះចំបាំង និងសព្វាវុធផ្សេងៗទៅកាន់ប្រទេសប៉ូឡូញ ដែលជាសមាជិកអង្គការណាតូ តាំងពីសង្គ្រាមបានផ្ទុះ ប៉ុន្តែប្រធានាធិបតី Yoon Suk-yeol បាននិយាយថា ច្បាប់នៃប្រទេសកូរ៉េខាងត្បូង មិនអនុញ្ញាតឲ្យផ្ដល់សព្វាវុធដល់ប្រទេសកំពុងមានសង្គ្រាមឡើយ។
សូមជម្រាបដែរថា ជុំវិញបញ្ហាមួយនេះ លោក Stoltenberg បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់ ស៊ុយអែត និងន័រវែស ក៏មានច្បាប់ស្រដៀងនឹងកូរ៉េខាងត្បូងដែរ ប៉ុន្តែប្រទេសទាំងនោះបានធ្វើការកែប្រែច្បាប់ ដើម្បីអាចផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន៕