ថៃ-ឡាវ កំពុងពន្លឿនការចរចា​ លើការតភ្ជាប់ផ្លូវដែកឆ្លងព្រំដែន ដើម្បីសម្រួលដល់ការដឹកទំនិញ

អន្តរជាតិ

យោងតាមការលើកឡើងពីនាយកដ្ឋានដឹកជញ្ជូនផ្លូវដែកថៃ (DRT) ថ្មីៗនេះ បានបង្ហាញឱ្យដឹងថា ប្រទេសថៃ និងឡាវ កំពុងស្ថិតនៅក្នុងការចរចាគ្នា អំពីការតភ្ជាប់ផ្លូវដែកចិន-ឡាវ-ថៃ ដើម្បីអាចសម្រួលដល់ការកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញចន្លោះពី ៣០% ទៅ ៥០% ក្នុងរយ:ពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញថា លោក Athipu Chitranukroh អគ្គនាយករង DRT និងលោក Kitjaluck Srinuchsart អគ្គនាយករងនៃនាយកដ្ឋានគយថៃ បានធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សាជុំវិញគម្រោងមួយនេះ ។

លើសពីនេះ រដ្ឋាភិបាលថៃ បាននិយាយថា ទំហំពាណិជ្ជកម្មនៅច្រកព្រំដែនរវាងថៃ និងឡាវ ទទួលបានតម្លៃ ៩៩​,២ ពាន់លានបាត (ប្រហែលជាង ៣ ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២២។ ហើយបើទោះបីជាទទួលបានផលរំខានដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ប៉ុន្តពាណិជ្ជកម្មតាមច្រកព្រំដែន នៅតែមានការកើនឡើងដល់ ៣៩,៩% កាលពីឆ្នាំមុន ។

មិនតែប៉ុណ្ណោះ បើតាមកាសែត Laotian Times បានបង្ហាញទៀតថា គម្រោងតភ្ជាប់ផ្លូវដែកនេះ នឹងទទួលបានការផ្តល់ហិរញ្ញប្បទាន ជាមួយនឹងប្រាក់កម្ចីគាំទ្រដោយរដ្ឋាភិបាលថៃ តាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជិតខាង ហៅកាត់ NEDA ដោយផ្លូវដែកមួយខ្សែនេះ នឹងត្រូវតភ្ជាប់ទៅកាន់ផ្លូវដែកឡាវ-ចិន ដែលមានស្រាប់ ដើម្បី​បង្ក​ភាពងាយស្រួល ក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងចិន ដោយឆ្លងកាត់តាមរយ:ប្រទេសឡាវ ៕