កាលពីថ្ងៃទី ៣១ មករានេះ ធនាគារពិភពលោកបាន អនុម័តប្រាក់កម្ចី ៦០០ លានដុល្លារ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសហ្វីលីពីន ក៏ដូចជាពង្រឹងវិស័យហិរញ្ញវត្ថុប្រទេសនៅអាស៊ានមួយនេះឲ្យកាន់តែរឹងមាំ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ទឹកប្រាក់ខាងលើនឹងត្រូវយកទៅប្រើប្រាស់ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុឲ្យកាន់តែមានស្ថិរភាព ពង្រីកការដាក់បញ្ចូលហិរញ្ញវត្ថុ និងការកែលម្អហិរញ្ញវត្ថុហានិភ័យគ្រោះមហន្តរាយ។
“ការដាក់បញ្ចូលហិរញ្ញវត្ថុ អាចជាកូនសោសំខាន់មួយក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ”។ នេះបើតាមសម្ដីលោក Ndiamé Diop ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃបាននិយាយ។
សូមជម្រាបដែរថា ធនាគារពិភពលោកបាននិយាយថា ប្រាក់កម្ចីនេះក៏មានគោលបំណងអភិវឌ្ឍទីផ្សារធានារ៉ាប់រងគ្រោះមហន្តរាយនៅក្នុងប្រទេសហ្វីលីពីន ដើម្បីការពារប្រជាជនពីការធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ៕