រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan ក្នុងពេលថ្មីៗនេះកន្លងទៅនេះ បានអំពាវនាវឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសរបស់ខ្លួន និងសហភាពសេដ្ឋកិច្ចអាអឺរ៉ុបអាស៊ី (EAEU) បន្ថែមទៀត ខណ:លោករំពឹងទុកខ្ពស់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងភាគីទាំងពីរ អាចនឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខ ។
តាមការចុះផ្សាយពី VNA បានបង្ហាញឱ្យដឹងថា នៅក្នុងអំឡុងកិច្ចប្រជុំនាពេលថ្មីៗ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ EAEU លោក Sergei Glazyev រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Hasan បាននិយាយថា ទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រទេសលោក អាចនឹងឈានដល់កម្រិតខ្ពស់មួយផ្សេងទៀត ចាប់តាំងពីមានការចារចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឥណ្ឌូនេស៊ី- EAEU កាលពីខែធ្នូកន្លងទៅ ។
អំឡុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី បាននិយាយទៀតថា ភាគីទាំងពីរ ក៏បានចុះអនុស្សរណ:នៃកិច្ចកិច្ចសហប្រតិបត្តិការ (MoC) ដើម្បីបង្កើតកម្មវិធី JWG ដែលជាវេទិការដ៏ធំមួយ ក្នុងការពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសពាណិជ្ជកម្ម និងវិនិយោគផងដែរ ។
លើសពីនេះ លោក Hasan បានបន្ថែមទៀតថា ការពិភាក្សាលើកិច្ចព្រមព្រៀង FTA និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ស្ថិតនៅក្រោម MoC ត្រូវបានគេរំពឹងថានឹងសម្រេចបាននៅក្នុងពេលឆាប់ៗខាងមុខ ដោយវានឹងអាចផ្តល់ការលើកទឹកចិត្តដល់លំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។
ជម្រាបជូនផងដែរថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ពាណិជ្ជកម្មសរុបរវាងឥណ្ឌូនេស៊ី និង EAEU ដែលមានប្រទេសជាសមាជិកដូចជា រុស្ស៊ី ប៉េឡារុស កាហ្សាក់ស្ថាន កៀគីស្ថាន និងអាមេនៀ សម្រេចបានដល់ ៤ ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៣២,៧៥% ធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០២១ ៕