សេដ្ឋកិច្ចថៃឆ្នាំនេះ អាចមានការកើនឡើងរហូតដល់ ៤% ដែលជាការកើនឡើងលឿនបំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយវិស័យភ្ញៀវទេសចរណ៍និងតម្រូវការផលិតផលក្នុងស្រុក គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ច្ខ្លាំងបំផុត។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា លោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រីថៃ បានទម្លាយថា ការវិនិយោគថ្មីៗនៅក្នុងស្រុកក៏នឹងជាកត្តាជំរុញកំណើនសេដ្ឋកិច្ចខ្លាំងដែរ។
“សេដ្ឋកិច្ចឆ្នាំនេះនឹងប្រសើរឡើងជាឆ្នាំមុន បើទោះជារងឥទ្ធិពលតម្លៃថាមពលមានការឡើងថ្លៃ។ ស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃនេះ គឺកំពុងមានភាពប្រសើរឡើង និងអាចវិលមកសភាពធម្មតាវិញនាពេលឆាប់ៗខាងមុខ”។ នេះបើតាមសម្ដីរបស់ឧបនាយករដ្ឋមន្ត្រីថៃបានលើកឡើង។
សូមជម្រាបដែរថា កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសថៃ បានព្យាករថាកំណើនសេដ្ឋកិច្ចថៃនាឆ្នាំ ២០២៣ នអាចកើនឡើងដល់ ៣,៨% ជាមួយនឹងក្ដីរំពឹងពីកំណើនភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ២០ លាននាក់នាឆ្នាំនេះទៀតផង៕