អាមេរិកចោទរុស្ស៊ីថា មិនគោរពតាមសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយ រវាងមហាអំណាចទាំង២

អន្តរជាតិ

កាលពីចុងខែមករា​កន្លងទៅ សហរដ្ឋអាមេរិក​បាន​អះអាងថា រុស្ស៊ី​មិនគោរព​តាម​សន្ធិសញ្ញា​ New START ដែលជា​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ចុងក្រោយ​រវាង​ប្រទេស​មហាអំណាចទាំង ២ ស្របពេល​សង្គ្រាម​នៅ​អ៊ុយក្រែន​កំពុង​មាន​សភាព​ក្ដៅ​គគុក។ នេះបើតាម​ការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“រុស្ស៊ី​មិន​បាន​គោរព​តាម​គោលការណ៍​សន្ធិសញ្ញា New START ដើម្បីជួយសម្រួលដល់សកម្មភាពអធិការកិច្ចនៅលើទឹកដីរបស់ពួកគេឡើយ។ ពួកគេ​មាន​វិធីសាស្ត្រ​ច្បាស់លាស់​ក្នុងការ​វិល​មក​អនុលោម​ច្បាប់​នេះ​សារថ្មី ដោយគ្រាន់តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​នៅ​ទឹកដី​របស់​ពួកគេ និងជួបគ្នាក្នុងសម័យប្រជុំនៃគណៈកម្មការប្រឹក្សាទ្វេភាគី”។ នេះ​បើតាមសម្ដី​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិកបាននិយាយ។

គួររំលឹកដែរថា កាលពី​ដើមខែសីហា​រដ្ឋាភិបាល​ទីក្រុងមូស្គូ​បាន​ប្រកាស​ថា ពួកគេ​បាន​ផ្អាក​ការ​អង្កេត​ពី​សហរដ្ឋអាមេរិក​ សម្រាប់​ការ​ត្រួតពិនិត្យទីតាំងយោធា​របស់ពួកគេ​ ក្រោម​សន្ធិសញ្ញា New START និងបាន​បញ្ជាក់ថា អាមេរិកជា​អ្នក​រារាំង​ការ​ត្រួតពិនិត្យ​របស់​រុស្ស៊ីមុន។

ប៉ុន្តែ​អាមេរិក​បាន​ចេញមុខច្រានចោលការ​ចោទប្រកាន់​ខាងលើ និងបាន​អះអាងថា ពួកគេ​គ្មានហេតុផល​ដែល​រារាំង​មិន​ឲ្យរុស្ស៊ី​ចុះ​អង្កេត​មើល​ទីតាំងយោធា​អាមេរិក​ឡើយ។

សូមជម្រាបដែរថា ​សន្ធិសញ្ញានុយក្លេអ៊ែរ New START ​ត្រូវបាន​ចុះ​កិច្ចព្រមព្រៀង​រវាង​មេដឹកនាំ​មហាអំណាចទាំង ២ កាលពី​ថ្ងៃទី ០៨ មេសា ២០១០ ដាក់​ឲ្យ​ប្រើប្រាស់​នៅថ្ងៃទី ០៥ ​កុម្ភៈ ២០១១ និង​មាន​សុពលភាព​រហូតដល់​ថ្ងៃទី ០៥ ​កុម្ភៈ ២០២៦៕