បច្ចុប្បន្ន ប្រទេសអ៊ុយក្រែនត្រូវការសព្វាវុធថ្មីៗ ទំនើបៗជាច្រើនដើម្បីអាចរារាំងការវាយប្រហារពីសំណាក់កងកម្លាំងរុស្ស៊ី ហើយប្រធានាធិបតីអ៊ុយក្រែន ក៏បានសុំជំនួយពីអាល្លឺម៉ង់ និងអាមេរិកផងដែរ ដោយបានស្នើសុំយន្តហោះចំបាំង និងគ្រាប់មីស៊ីល ប៉ុន្តែសំណើរបស់លោកត្រូវបានបដិសេធ។
យ៉ាងណា យោងតាមការចុះផ្សាយពី CNA បានទម្លាយថា ប្រធានាធិបតីអាមេរិក ចូ បៃឌិន នឹងបើកកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ុយក្រែន ជុំវិញសំណើជំនួយសព្វាវុធទំនើបៗ ដើម្បីការពារប្រទេសរបស់ខ្លួន។
ប៉ុន្តែមុនទម្លាយពីកិច្ចចរចាជុំវិញបញ្ហាខាងលើ លោក បៃឌិន ធ្លាប់បានបដិសេធសំណើយន្តហោះចំបាំង F-16 ពីប្រទេសអ៊ុយក្រែន ខណៈលោកក៏ធ្លាប់បដិសេធចំពោះការបញ្ជូនគ្រាប់មីស៊ីលដែលអាចបាញ់បានរយៈចំងាយប្រហែល ៣០០ គីឡូម៉ែត្រផងដែរ។
សូមជម្រាបដែរថា សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់សព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែនធំបំផុត តាំងពីរុស្ស៊ីបើកការឈ្លានពានមកក្នុងប្រទេសជិតខាងមួយនេះ សម្រាប់រយៈពេលជិត ១ ឆ្នាំ៕