អ៊ុយក្រែនអាចទទួលបានរថក្រោះចន្លោះពី ១២០ ដល់ ១៤០គ្រឿង សម្រាប់ជំនួយជើងទីមួយ

អន្តរជាតិ

ប្រទេសអ៊ុយក្រែន នឹងទទួលបានរថក្រោះ​ចន្លោះពី ១២០ ដល់ ១៤០ គ្រឿង សម្រាប់ជំនួយជើងទីមួយ ពី​ប្រទេសចំនួន ១២។ នេះ​បើតាម​ការបង្ហើបឲ្យដឹងពី​រដ្ឋមន្ត្រីការបរទេស Dmytro Kuleba។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បានបង្ហើបថា រដ្ឋាភិបាល​អ៊ុយក្រែន​ទទួលបាន​ពាក្យសន្យា​ពី​លោកខាងលិច​ក្នុងខែនេះ ចំពោះ​ជំនួយ​រថក្រោះ​ធន់ធ្ងន់ ដើម្បី​ត្រៀមទប់ទល់ពីការវាយប្រហាររបស់រុស្ស៊ី។

“សម្ព័ន្ធផ្ដល់ជំនួយរថក្រោះ បច្ចុប្បន្នមានសមាជិក ១២ ប្រទេស ហើយខ្ញុំបាន​កត់សម្គាល់ថា​ជំនួយ​ជើងទីមួយនេះ កងកម្លាំងអ៊ុយក្រែនអាចទទួលបានរថក្រោះ​ផលិតឡើងនៅលោកខាងលិច ចន្លោះពី ១២០ ដល់ ១៤០ គ្រឿង”។ នេះបើតាម​សម្ដី​រដ្ឋមន្ត្រីការបរទេស Kuleba បាននិយាយ។

បន្ថែមពីនោះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនក៏បានបញ្ជាក់ពីម៉ូដែលរថក្រោះទាំងនោះដែលមាន​ដូចជា រថក្រោះ Leopard 2 របស់អាល្លឺម៉ង់ រថក្រោះ Challenger 2 របស់អង់គ្លេស រថក្រោះ M1 Abrams របស់អាមេរិកជាដើម ខណៈកាលបរិច្ឆេទនៃការមកដល់របស់រថក្រោះទាំងនេះ នៅមិនទាន់អាចកំណត់បាននៅឡើយ៕