ក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup កើបចំណូលបានជាង ៥,៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២

អន្តរជាតិ

ប្រាក់ចំណូលរបស់ក្រុមហ៊ុន Vingroup បានកើនឡើង ១% ដល់ ១៣០,៥ ទ្រីលានដុង ឬ ៥,៥៧ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២២ កន្លងទៅ ប៉ុន្តែទន្ទឹមនឹងការកើនឡើងនេះ គេសង្កេតឃើញថាអាជីវកម្មរថយន្ត និងអចលនទ្រព្យរបស់ក្រុមហ៊ុនវៀតណាមមួយនេះ ហាក់មិនទទួលបានលទ្ធផលល្អនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Vietnam Express បានរាយការណ៍ឱ្យដឹងទៀតថា ប្រាក់ចំណេញដែលទទួលបាន ក្រោយកាត់ពន្ធរួច របស់ក្រុមហ៊ុន Vingroup កាលពីឆ្នាំមុន មានចំនួន ២ ទ្រីលានដុង ធៀបទៅនឹងការខាតបង់ចំនួន ៧,៦ ទ្រីលានដុង នៅក្នុងឆ្នាំ ២០២១ ។

ដោយឡែកសម្រាប់ក្រុមហ៊ុន VinFast ដែលជាបុត្រសម្ព័ន្ធមួយរបស់ Vingroup បានបង្ហាញថាប្រាក់ចំណូលដែលទទួលបានពីការលក់រថយន្តអគ្គិសនីរបស់ពួកគេ ទទួលបាន ១៣,៥ ទ្រីលានដុង ពោលគឺបានធ្លាក់ចុះ ២៥% ជាមួយនឹងចំនួនលក់ត្រឹម ៧ ៤០០ គ្រឿងប៉ុណ្ណោះ កាលពីឆ្នាំមុន ។

ទន្ទឹមនឹងនេះ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យ Vinhomes វិញ ក៏បានមើលឃើញថាប្រាក់ចំណូល បានធ្លាក់ចុះ ២៥% ផងដែរ ដោយទទួលបាន ៦២,៤ ទ្រីលានដុងប៉ុណ្ណោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់អាជីវកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន Vingroup បានមើលឃើញថាមានភាពរីកចម្រើន ដូចជាក្រុមហ៊ុន Vincom Retail ដែលផ្តោតលើអាជីវកម្មផ្សារទំនើប បានមើលឃើញថាប្រាក់ចំណូលពួកគេ កើនឡើង ២៤% ដល់ ៧,៣១ ទ្រីលានដុង និងប្រាក់ចំណេញក្រោយកាត់ពន្ធ បានកើនឡើង ១០៨% ដល់ចំនួន ២,៧៤ ទ្រីលានដុងឯណោះ។

បន្ថែមពីនេះ សម្រាប់ក្រុមហ៊ុនផ្តោតលើអាជីវកម្មកម្សាន្ត និងបដិសណ្ឋារកិច្ច Vinpearl វិញ ក៏ទទួលបានប្រាក់ចំណូលកើនឡើង ៦០% ផងដែរ បន្ទាប់ពីការផ្តល់សេវាជួលបន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវទេសចរ ទទួលបានចំនួនសរុបរហូតដល់ ១,៣ លាន កាលពីឆ្នាំមុន ៕