កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sony Group Corp បានប្រកាសថា ពួកគេនឹងចាត់តាំងលោក Hiroki Totoki ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ ឲ្យឡើងមកកាន់តំណែងជាប្រធានក្រុមហ៊ុនធំជំនួសលោក Kenichiro Yoshida។
យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា លោក Totoki នឹងចូលកាន់តំណែងថ្មីនេះនៅថ្ងៃទី ០១ មេសាខាងមុខ ក្នុងនាមជាប្រធានក្រុមហ៊ុន និងជាប្រធាននាយកប្រតិបត្តិ ខណៈបច្ចុប្បន្នលោកនៅបន្តកាន់តំណែងជាប្រធានផ្នែកហិរញ្ញវត្ថុដដែលសិន។
ដោយឡែក ក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយនេះ នឹងបើកសន្និសីទកាសែតស្ដីពីការប្រកាសថ្នាក់ដឹកនាំថ្មីប្រចាំក្រុមហ៊ុននៅវេលាម៉ោង ៤ រសៀលនេះ ខណៈពួកគេក៏នឹងប្រកាសពីប្រាក់ចំណូលប្រចាំត្រីមាសនាម៉ោង ៣ រសៀលនេះផងដែរ។
គួររំលឹកដែរថា មុនកាន់តំណែងជាប្រធានផ្នែកហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន Sony កាលពីឆ្នាំ ២០១៨ លោក Totoki ធ្លាប់ជាប្រធានផ្នែកនៃក្រុមហ៊ុនផលិតទូរស័ព្ទ និងជាប្រធានផ្នែកធនាគារទៀតផង៕