ថ្មីៗនេះ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនៃធនាគារ Siam Commercial Bank (SCB EIC) របស់ប្រទេសថៃ បានបង្ហាញការព្យាកររបស់ខ្លួនថា ក្រុមប្រទេស CLMV ដែលមានដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នឹងទទួលបានសន្ទុះកំណើនសេដ្ឋកិច្ចខ្លាំងជាងមុន នៅក្នុងឆ្នាំ ២០២៣ នេះ ប៉ុន្តែវានៅតែមានកម្រិតទាបជាងកំណើនរបស់ពួកគេ អំឡុងពេលមុនមានជំងឺរាតត្បាតកូវីដ-១៩។

តែទោះជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលស្រាវជ្រាវខាងលើនេះ ក៏បាននិយាយនៅក្នុងរបាយការណ៍មួយរបស់ខ្លួន កាលពីថ្ងៃទី ១ ខែកុម្ភ:កន្លងទៅថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ក្រុមប្រទេស CLMV នឹងមិនមានកម្រិតស្មើគ្នានោះឡើយ ដោយវានឹងត្រូវអាស្រ័យទៅលើមូលដ្ឋាគ្រឹះសេដ្ឋកិច្ច និងហានិភ័យជាក់លាក់ណាមួយរបស់ប្រទេសទាំងនោះ ។
លើសពីនេះ SCB EIC បានបង្ហាញការព្យាកររបស់ខ្លួនថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាចនឹងមានការកើនឡើងដល់ ៥,៥% នៅឆ្នាំនេះ ស្របពេលឡាវ និងមីយ៉ាន់ម៉ា អាចនឹងកើនឡើង ៣% ខណ:ប្រទេសវៀតណាមវិញ នឹងមានការកើនឡើង ៦,២% ។

ប្រភពខាងលើនេះ បានអះអាងទៀតថា តម្រូវការក្នុងស្រុក និងវិស័យទេសចរណ៍ នឹងក្លាយជាកត្តាស្នូលដ៏សំខាន់ ក្នុងការជំរុញដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ក្រុមប្រទេស CLMV នៅឆ្នាំ ២០២៣ នេះ៕