រដ្ឋមន្ត្រីកីឡាប៉ូឡូញ Kamil Bortniczuk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានការរំពឹងទុកពីប្រទេសជាច្រើន ជុំវិញការចេញមុខប្រឆាំងការដាក់បញ្ចូលអត្តពលិកពីប្រទេសរុស្ស៊ី និងបេឡារុស សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ២០២៤ ដែលនឹងធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើតាមការចុះផ្សាយពី Bangkokpost។
“ខ្ញុំគិតថា សប្ដាហ៍ក្រោយនឹងមានការប្រឆាំងដ៏រឹងមាំមួយពីអ្នកតំណាងប្រទេសចំនួន ៤០ ក្នុងការជំទាស់ពីការចូលរួមព្រឹត្តិការណ៍អូឡាំពិក ពីសំណាក់អត្តពលិករុស្ស៊ី និងបេឡារុស”។ នេះបើតាមសម្ដីរបស់រដ្ឋមន្ត្រីកីឡាប៉ូឡូញបាននិយាយ។
បន្ថែមពីនោះ លោកមានសេចក្ដីរំពឹងថា ក្នុងចំណោមប្រទេសទាំង ៤០ នោះ នឹងមានសមាជិកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ហើយលោកក៏ទទូចសុំឲ្យអាមេរិកចេញមុខ ចំពោះបញ្ហានេះផងដែរ។
ប៉ុន្តែមហាអំណាចលោកខាងលិចទម្លាយថា ពួកគេនឹងគាំទ្រការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារុស សម្រាប់ការប្រកួតក្នុងនាមជាសមាជិកអព្យាក្រិត។
សូមជម្រាបដែរថា ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ក៏បានចេញមុខសុំមិនឲ្យមានវត្តមានអត្តពលិករុស្ស៊ី ក្នុងព្រឹត្តិការណ៍អូឡាំពិក ជាផ្នែកមួយនៃទណ្ឌកម្មអន្តរជាតិ ជុំវិញប្រទេសរុស្ស៊ីបើកការឈ្លានពានចូលទឹកដីរបស់ខ្លួន។
យ៉ាងណា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ IOC បានអះអាងថា ពួកគេកំពុងសិក្សាពីបញ្ហាមួយនេះ សម្រាប់អត្តពលិករុស្ស៊ីឲ្យចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅ ក្នុងនាមជាអត្តពលិកអព្យាក្រិត៕