នាពេលដ៏ខ្លីខាងមុខ ប្រទេសអ៊ុយក្រែននឹងរៀបចំការប្រជុំសំខាន់មួយជាមួយសហភាពអឺរ៉ុប ដោយគោលដៅចំបងនោះ គឺជំរុញឲ្យមានការក្លាយជាសមាជិក EU ពេញលេញនាឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពី Bangkokpost។
គួររំលឹកថា កាលពីខែមិថុនាឆ្នាំទៅ សហភាពអឺរ៉ុបបានផ្ដល់នូវបេក្ខភាពជាសមាជិក EU ទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបើកការវាយលុកប៉ុន្មានខែ ប៉ុន្តែដើម្បីអាចក្លាយជាសមាជិកពេញលេញ វាត្រូវចាយពេលយូរណាស់ រហូតដល់រាប់ឆ្នាំក៏មាន។
“ខ្ញុំជឿថា វាគួរតែដល់ពេលហើយដែលអ៊ុយក្រែនត្រូវបើកកិច្ចចរចាក្នុងការក្លាយជាសមាជិកពេញសិទ្ធិនៃសហភាពអឺរ៉ុបនៅក្នុងឆ្នាំនេះ។ មានតែការរួមគ្នាជាធ្លុងមួយរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុបប៉ុណ្ណោះ ទើបអាចការពារជីវិតរបស់ពួកយើងបាន”។ នេះបើតាមសម្ដីប្រធានាធិបតីអ៊ុយក្រែន បានជជែកជាមួយអ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប។
សូមជម្រាបដែរថា បច្ចុប្បន្នប្រធានគណៈកម្មការអឺរ៉ុប បានធ្វើដំណើរទៅដល់ទីក្រុង Kyiv ជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់ EU លោក Joseph Borrell រួចរាល់ហើយ រង់ចាំតែពេលចូលរួមប្រជុំជាមួយថ្នាក់ដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ៕