តម្លៃដីនៅទីក្រុងបាងកកហក់ឡើងខ្ពស់កប់ពពក ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយ

អន្តរជាតិ

ក្នុងរយ:ពេលប៉ុនា្មនឆ្នាំថ្មីៗនេះ គេសង្កេតឃើញថាតម្លៃដីនៅទីក្រុងបាងកក បានហក់ឡើងខ្ពស់ជាលំដាប់ ដោយសារតែមានការអភិវឌ្ឍទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវល្បឿនលឿន និងការប្រកួតប្រជែងទីផ្សារក្នុងវិស័យនេះផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ បើតាមលោក Saenphin Sukhee នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន Frasers Property Home បាននិយាយថា បើទោះបីជាទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែតម្លៃដីនៅក្នុងទីក្រុងបាងកក នៅតែបន្តកើនឡើង ជាមធ្យមពី ៧០%-៧៥% នៅចន្លោះឆ្នាំ ២០២០ ដល់ ២០២២២ ។

មិនតែប៉ុណ្ណោះ ដោយសារតែការសាងសង់ផ្លូវល្បឿនលឿនថ្មី បានធ្វើឱ្យតម្លៃដីនៅទីតាំងនោះកើនឡើងស្ទើតែទ្វេដង តួយ៉ាងដូចជានៅទីតាំងមួយចំនួនជាប់ផ្លូវ Hathairat តម្លៃដីបានកើនឡើងជាងបីដង ពីចន្លោះ ២ ទៅ ៣ លានបាតក្នុងមួយរ៉ៃ ទៅ ១០ លានបាតក្នុងមួយរ៉ៃ ។

លើសពីនេះ បើតាមនាយកដ្ឋានទិញដី និងអភិវឌ្ឍអាជីវកម្ម របស់ក្រុមហ៊ុន Frasers បានបង្ហាញឱ្យដឹងទៀតថា ផ្លូវល្បឿនលឿនថ្មីនេះ បានជំរុញឱ្យតម្លៃដីនៅភាគខាងលិចទីក្រុងបាងកក កើនឡើងជាមធ្យម ៨១% ស្របពេលតម្លៃដីនៅតំបន់ Rama 2-Bang Bon វិញ មានការកើនឡើង ៩៨% និងតម្លៃដីនៅតំបន់ Suksawat-Pracha Uthit ក៏បានកើនឡើង ៦៣% ផងដែរ។

ទន្ទឹមនឹងនេះ ការសាងសង់គម្រោងហេដ្ឋរចនាសម្ព័ន្ធដែលបានតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ខេត្តភាគខាងលិចរបស់ប្រទេស ក៏បានជំរុញឱ្យតម្លៃដី នៅតំបន់ Pin Klao-Ratchaphruek និង Rattanathibet-Chaiyaphruek មានការកើនឡើងចន្លោះពី ៦៤% ទៅ ៦៥% ផងដែរ ។

ដោយឡែកសម្រាប់ដីដែលស្ថិតនៅតំបន់ Kaset-Ram Intra បានកើនឡើង ៦០% និងដីនៅតំបន់ Watcharapol-Sai Mai បានកើនឡើង ៤៤% ដោយសារតែក្រសួងនគរូបនីយកម្មរបស់ប្រទេសថៃ បានប្រកាសអំពីគម្រោងរបស់ខ្លួន ក្នុងការពង្រីកផ្លូវរថភ្លើងក្រោមដី នៅចំតំបន់ទីនោះ ។

សម្រាប់តម្លៃដីដែលស្ថិតនៅភាគខាងកើតទីក្រុងបាងកកវិញ ក៏បានកើនឡើងជាមធ្យម ៩២% ផងដែរ ដោយសារតែមានការប្រកួតប្រជែង ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានកម្រិតខ្ពស់។ ហើយចំពោះតំបន់ដែលមានការកើនឡើងតម្លៃខ្ពស់បំផុតនោះ គឺស្ថិតនៅ Ramkhamhaeng-On Nut ដែលតម្លៃដីបានកើនឡើង ១៣៨% ស្របពេលតម្លៃដីនៅតំបន់ផ្លូវ Bang Na-Ring Road បានកើនឡើង ៩៨% និងតំបន់ Theparak-Bang Phli បានកើនឡើង ៣៩% ៕