តាំងពីបើកទំព័រឆ្នាំ ២០២៣ មកទល់ពេលនេះ មហាសេដ្ឋីអាហ្វ្រិកខាងត្បូង Nicky Oppenheimer បានសំងំកើបលុយប្រហែល ៨០០ លានដុល្លារ ដោយសារតម្លៃហ៊ុននៃក្រុមហ៊ុនដែលលោកវិនិយោគនៅអាហ្វ្រិក អាស៊ី អាមេរិក និងអឺរ៉ុប កើនឡើងព្រមៗគ្នា។

យោងតាមរបាយការណ៍ចុះផ្សាយដោយ Bloomberg បានបង្ហាញថា ទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរូបនេះ គិតចាប់ពីដើមឆ្នាំមកទល់ថ្ងៃទី ០៦ កុម្ភៈ ២០២៣ មានការកើនឡើងពី ៨.០៣ ដល់ ៨.៨៣ ពាន់លានដុល្លារ។
ការកើនទ្រព្យសម្បត្តិរបស់បុរសវ័យ ៧៧ ឆ្នាំ រយៈពេលជាង ១ ខែមកនេះ គឺមានច្រើនជាងទំហំទឹកប្រាក់ដែលលោកទទួលបានកាលពីឆ្នាំ ២០២២ លើសជាង ១០ ដងឯណោះ ដ្បិតកាលពីឆ្នាំទៅ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីម្នាក់នេះកើនបាន ៧៥ លានដុល្លារ។
សូមជម្រាបដែរថា លោក Nicky គឺជាមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិកខាងត្បូងទី ២ បន្ទាប់ពីលោក Johann Rupert ហើយលោកជំនាញលើវិស័យភាគហ៊ុន និងជាវិនិយោគិនដ៏មានបទពិសោធន៍មួយរូបផងដែរ៕