សហរដ្ឋអាមេរិក កំពុងរៀបចំធ្វើការដំឡើងពន្ធរហូតដល់ទៅ ២០០% ទៅលើអាលុយមីញ៉ូម ដែលផលិតដោយប្រទេសរុស្ស៊ី ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅក្នុងសប្តាហ៍នេះ ដើម្បីជាការដាក់សម្ពាធបន្ថែមទៀត ជុំវិញទណ្ឌកម្មទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ដែលខិតជិតដល់ខួបគម្រប់ ១ ឆ្នាំ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg ។
យ៉ាងណាមិញ មនុស្សដែលបានដឹងអំពីបញ្ហានេះ បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានគិតគូអស់រយ:ពេលជាច្រើនខែមកហើយ ដោយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការពិភាក្សាផ្ទៃក្នុងនៅឡើយ។ ខណ:ប្រភពដដែលនេះ បានបន្ថែមទៀតថា សហរដ្ឋអាមេរិក ក៏កំពុងកំណត់គោលដៅក្នុងការបន្ថែមពន្ធទៅលើលោហ:របស់រុស្ស៊ីផងដែរ ។
ជុំវិញការតំឡើងពន្ធដ៏ច្រើនសម្បើមបែបនេះ អាចនឹងបញ្ចប់ការនាំចូលផលិតផលលោហ:របស់អាមេរិក ពីប្រទេសរុស្ស៊ី យ៉ាងមានប្រសិទ្ធភាព ស្របពេលរុស្ស៊ី ត្រូវបានចាត់ទុកថាជាប្រទេសដែលផលិតលោហ:ធាតុធំជាងគេទី ២ របស់ពិភពលោក ហើយទន្ទឹមនឹងនោះ ផលិតផលអាលុយមីញ៉ូម ដែលផ្គត់ផ្គង់ដោយរុស្ស៊ី គឺមានប្រហែល ១០% នៃការនាំចូលសរុប របស់សហរដ្ឋអាមេរិក ។
គួរឱ្យដឹងថា សហរដ្ឋអាមេរិក បានព្យាយាមដាក់សម្ពាធទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូយ៉ាងខ្លាំង ជាមួយនឹងការដាក់ចេញនូវទណ្ឌកម្មធំៗជាច្រើនរួចមកហើយ ទាក់ទងជាមួយនឹងវិស័យធនាគារ បច្ចេកវិទ្យា ការពារជាតិ ក៏ដូចជាបានបង្កកទ្រព្យសម្បត្តិ និងការដាក់ទណ្ឌកម្មទៅលើបុគ្គលណា ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថែមទៀតផង។
ដោយឡែកសម្រាប់ខាងសហភាពអឺរ៉ុបវិញ ក៏បានធ្វើការដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសរុស្ស៊ី ផងដែរ ដូចជាការហាមឃាត់ការនាំចូលប្រេង ឧស្ម័ន និងឥន្ធន: ក្នុងគោលបំណងកាត់បន្ថយការពឹងផ្នែកទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការបង្ហាញណាមួយថា EU នឹងរៀបចំផែនការទៅលើផលិតអាលុយមីញ៉ូមរបស់រុស្ស៊ី ដូចទៅនឹងសហរដ្ឋអាមេរិក នៅឡើយនោះទេ ៕