ប្រទេសស្រីលង្កាបានប្រកាសធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងរយៈពេល ៧ ទសវត្សចុងក្រោយ តែថ្មីៗនេះប្រធានាធិបតី Ranil Wickremesinghe បានទម្លាយថា សេដ្ឋកិច្ចរបស់ប្រទេស អាចនឹងងើបឡើងវិញនៅចុងឆ្នាំនេះ។
បន្ថែមពីនោះ លោកក៏មានក្ដីរំពឹងថា ស្រីលង្កានឹងអាចដោះបំណុល និងរំដោះខ្លួនពីវិបត្តិសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺនមួយនេះ ត្រឹមឆ្នាំ ២០២៦ ខាងមុខ។ នេះបើតាមការចុះផ្សាយពី Reuters។
“ពួកយើងកំពុងព្យាយាមងើបឡើងវិញ ពីសេដ្ឋកិច្ចអវិជ្ជមាន ឆ្ពោះទៅកាន់ផលវិជ្ជមានបន្តិចម្ដងៗ ហើយត្រឹមចុងឆ្នាំ ២០២៣ ពួកយើងនឹងទទួលបានកំណើនសេដ្ឋកិច្ចដ៏ប្រសើរមួយ។ ពួកយើងបានបង្កើនទុនបម្រុងបរទេសពីសូន្យ ដល់ ៥០០ លានដុល្លារនាពេលនេះ”។នេះបើតាមសម្ដីរបស់ប្រធានាធិបតីស្រីលង្កាបាននិយាយ។
សូមជម្រាបដែរថា កន្លងមកស្រីលង្កាបានព្យាយាមគ្រប់វិធីសាស្ត្រក្នុងការ ដោះស្រាយបញ្ហាបំណុលរបស់ពួកគេ ដូចជាទាក់ទងទៅកាន់ម្ចាស់បំណុលធំគឺចិន និងឥណ្ឌា ពន្យារពេលសងបំណុល និងរៀបចំស្នើសុំកញ្ចប់ជំនួយ IMF ដើម្បីស្ដារសេដ្ឋកិច្ចជាដើម៕