យោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នឹងទៅបំពេញដំណើរទស្សនកិច្ចផ្លូវការ នៅឯប្រទេសថៃ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកុម្ភ: ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរបន្ថែមទៀត ។

យ៉ាងណាមិញ លោក Anwar ត្រូវបានគេរំពឹងថា នឹងមានកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha នៅថ្ងៃទី ៩ ខែកុម្ភ: ដើម្បីធ្វើការពិភាក្សាអំពីវិធី ក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាតភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធ នៅក្នុងតំបន់ព្រំដែនថៃ-ម៉ាឡេស៊ីផងដែរ ។
មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរក៏សង្ឃឹមផងដែរថា នឹងមានការកាត់បន្ថយរនាំងពន្ធមួយចំនួន ដើម្បីអាចសម្រេចគោលដៅ ក្នុងការលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៣០ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ខាងមុខ ។

បន្ថែមពីនេះ មេដឹកនាំប្រទេសទាំងពីរ ក៏នឹងមានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាបៃតង និងឧស្សាហកម្ម ដែលមានសក្តានុពលធំៗ ដូចជាកៅស៊ូ និងអាហារសម្រាប់អ្នកកាន់សាសនាឥស្លាមផងដែរ ។
ជម្រាបជូនផងដែរថា នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោក Anwar ទៅកាន់ប្រទេសថៃ បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្ត្រីទី១០ របស់ម៉ាឡេស៊ីកាលពីខែវិច្ឆិកា ឆ្នាំមុនមក ៕