លោក Marcos ធ្វើដំណើរទស្សនកិច្ចទៅពង្រឹងសន្តិសុខជាមួយជប៉ុន ចំពេលមានភាពតានតឹងរវាងអាមេរិក និងចិន

អន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានទៅដល់ប្រទេសជប៉ុនហើយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកទីបីរបស់ខ្លួន នៅក្នុងឆ្នាំ ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Marcos នឹងត្រូវធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកុម្ភ:នេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ខណ:ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ក៏ដូចជាការពង្រឹងបន្ថែមទៅលើបញ្ហាសន្តិសុខផងដែរ ។

គួរឱ្យដឹងថា ជប៉ុនគឺស្ថិតនៅក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់រដ្ឋាភិបាលទីក្រុងម៉ានីល។ ប៉ុន្តែ ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក Marcos បានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចនឹងមិនមែនជារបៀបវារ:ចម្បង ដែលនឹងត្រូវលើកយកមកពិភាក្សា ក្នុងដំណើរទស្សនកិច្ចនេះឡើយ ផ្ទុយទៅវិញ គោលនយោបាយការទូត នឹងក្លាយជាប្រធានបទដ៏សំខាន់។

លើសពីនេះ ប្រធានាធិបតីហ្វីលីពីនរូបនេះ បាននិយាយទៀតថា គោលដៅចម្បង គឺដើម្បីពង្រឹងទំនាក់ទំនងនយោបាយកាន់តែជិតស្និទ គួបផ្សំជាមួយកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខកាន់តែរឹងមាំ ជាមួយជប៉ុន និងបណ្តាប្រទេសសំខាន់ផ្សេងៗទៀត ក្នុងតំបន់ ចំពេលបរិយាកាសលើពិភពលោក កំពុងមានការប្រកួតប្រជែងខ្លាំង ។

យ៉ាងណាមិញ គេកត់សម្គាល់ឃើញផងដែរថា ដំណើរទស្សនកិច្ចរបស់លោក Marcos បានធ្វើឡើង ស្របពេលកំពុងមានភាពតានតឹងខ្លាំង រវាងប្រទេសមហាអំណាចចិន និងសហរដ្ឋអាមេរិក ដោយសារតែសកម្មភាពទាំងក្នុង និងក្រៅតំបន់។

ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្វើការថ្កោលទោសចំពោះសហរដ្ឋអាមេរិក ជុំវិញការធ្វើឱ្យភាពតានតឹងក្នុងតំបន់ កាន់តែអាក្រក់ទៅៗ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ានីល និងវ៉ាស៊ីនតោន បានប្រកាសពីទីតាំងយោធាថ្មីចំនួន ៤ ដែលអាចឱ្យយោធាអាមេរិកអាចចូលប្រើប្រាស់បាន និងថែមទាំងបានកំណត់ជាទីតាំងកម្មសិទ្ធិយោធារបស់ពួកគេផងដែរ ៕