គ្រោះរញ្ជួយដីនៅប្រទេសតួកគី និងស៊ីរី បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១១ ០០០ នាក់បានបាត់បង់ជីវិត ហើយបច្ចុប្បន្នពិភពលោកកំពុងដុតដៃដុតជើង ផ្ដល់ជំនួយដល់ប្រទេសទាំង ២ នេះ។
ក្នុងនោះប្រទេសចិន បានឧបត្ថម្ភទឹកប្រាក់ប្រមាណ ៣០ លានយ៉ន់ ឬប្រហែល ៤,៤ លានដុល្លារ សម្រាប់ការដោះស្រាយបញ្ហាបន្ទាន់ ខណៈកញ្ចប់ទឹកប្រាក់តំបូងនេះ នឹងទៅដល់ដៃប្រទេសតួកគីឆាប់ៗនេះ។ នេះបើតាមសម្ដីអ្នកនាំពាក្យក្រសួងការបរទេសចិន Mao Ning បាននិយាយ។
ប្រភពដដែលបន្ថែមថា បន្ថែមពីទឹកប្រាក់ខាងលើ រដ្ឋាភិបាលចិនកំពុងរៀបចំកម្មវិធីជំនួយស្បៀងអាហារដល់តួកគី និងស៊ីរីបន្ថែមទៀត ហើយមិនយូរទេពួកគេនឹងបញ្ជូនស្បៀងអាហារទាំងនោះទៅកាន់ប្រជាជននៃប្រទេសទាំង ២ នេះ។
សូមជម្រាបដែរថា បច្ចុប្បន្នរដ្ឋាភិបាលចិនបានបញ្ជូនក្រុមសង្គ្រោះ ៨២ ក្រុម នាំជាមួយនូវគ្រឿងបរិក្ខារពេទ្យ និងជំនួយសង្គ្រោះផ្សេងទៀត សរុប ២០ តោន ទៅកាន់ប្រទេសតួកគី និងស៊ីរី៕