គម្រោងផ្សារទំនើប Aeon Mall ថ្មីមួយផ្សេងទៀត ដែលគ្របដណ្តប់ទៅលើផ្ទៃដីជាង ៨ ហិកតា នឹងត្រូវសាងសង់ឡើង ក្នុងសង្កាត់ Dai Kim និង Thinh Liet នៃខណ្ឌ Hoang Mai ទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

តាមរយ:គម្រោងលម្អិត ដែលត្រូវបានអនុម័តដោយគណ:កម្មាធិការប្រជាជានក្រុងហាណូយ បានបង្ហាញថា ទីតាំងផ្សារទំនើបថ្មីនេះ អាចនឹងផ្ទុករថយន្តបានរហូតដល់ទៅចំនួន ៤ ០០០ គ្រឿងឯណោះ។
គួរឱ្យដឹងថា គម្រោងផ្សារទំនើបថ្មី ឈ្មោះ Aeon Mall Hoang Mai Giap Bat នេះ នឹងក្លាយជាមជ្ឈមណ្ឌលដើរទិញទំនិញដ៏ធំទី ៣ របស់ Aeon នៅក្នុងទីក្រុងហាណូយ បន្ទាប់ពី Aeon Mall Long Bien និង Aeon Mall Ha Dong ។

ទន្ទឹមនឹងនេះ គណ:កម្មាធិការប្រជាជននៃខេត្ត Thua Thien Hue ក៏នឹងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងផ្សារទំនើប Aeon Mall Hue ថ្មីមួយផ្សេងទៀតផងដែរ ជាមួយនឹងទុនវិនិយោគសរុបប្រហែល ១៧០ លានដុល្លារ ដែលស្ថិតនៅលើផ្ទៃដីជាង ៨,៦ ហិកតា ។
ជម្រាបជូនផងដែរថា ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់ជប៉ុន AEON Group បច្ចុប្បន្ន កំពុងមានហាងប្រហែល ២០០ នៅក្នុងប្រទេសវៀតណាម រួមទាំងមជ្ឈមណ្ឌលដើរទិញទំនិញ ចំនួន ៦ និងផ្សារទំនើបជាច្រើនផងដែរ។ ខណ: Aeon កំពុងមានផែនការក្នុងការវិនិយោគលើគម្រោងចំនួន ១៦ បន្ថែមទៀត នៅវៀតណាម នៅក្នុងឆ្នាំ ២០២៥ ខាងមុខ រួមទាំងគម្រោង ៣ ទៅ ៤ បន្ថែមទៀត នៅទីក្រុងហាណូយផងដែរ ៕