មេធំ Zoom ប្រកាសកាត់បន្ថយប្រាក់ខែខ្លួន ៩៨% ក្រោយបណ្ដេញបុគ្គលិកជាង ១ ពាន់នាក់

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ លោក Eric Yuan ស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Zoom បានប្រកាស​ថា នឹងកាត់បន្ថយ​ប្រាក់ខែរបស់លោក​រហូតដល់ ៩៨% បន្ទាប់ពីបញ្ឈប់បុគ្គលិកប្រមាណ ១ ៣០០ នាក់ និងចាត់ទុកថាវាជាកំហុសរបស់លោក ដែល​ធ្វើ​ឲ្យ​បុគ្គលិក​ទាំងនោះ​បាត់បង់ការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ក្នុងនាមជា CEO និងជាស្ថាបនិក​នៃ Zoom ខ្ញុំ​ទទួលស្គាល់ថា​វាជា​កំហុស​របស់ខ្ញុំ ហើយខ្ញុំ​នឹង​រ៉ាប់រង​វា​គ្រប់បែបយ៉ាង។ ខ្ញុំធ្វើបែបនេះ គឺដើម្បីបង្ហាញថា ខ្ញុំមិនមែនបានតែនិយាយ ប៉ុន្តែ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យគ្រប់គ្នាដឹងតាម​រយៈ​ទង្វើ​របស់ខ្ញុំ”។ នេះ​បើតាម​សម្ដី​របស់ Eric បាន​លើកឡើង។

សូមជម្រាបដែរថា យោងតាម​ការចុះផ្សាយពី Bloomberg ប្រាក់ខែគោលរបស់ Eric កាលពីឆ្នាំទៅគឺ ៣០១ ៧៣១ ដុល្លារ ប៉ុន្តែលោកនឹងទទួលបានត្រឹម ១០ ០០០ ដុល្លាវិញនាឆ្នាំនេះ បន្ទាប់ពីប្រកាសកាត់បន្ថយប្រាក់ខែសឹងតែទាំងអស់។

ដោយឡែក សម្រាប់ប្រធានផ្នែកធំៗផ្សេងទៀតប្រចាំក្រុមហ៊ុន ក៏នឹងត្រូវ​កាត់បន្ថយ​ប្រាក់ខែ ២០% ក៏ដូចជា​បោះបង់​ប្រាក់បន្ថែម​សម្រាប់ឆ្នាំ ២០២៣ នេះ​ផងដែរ។

គួររំលឹកដែរថា ស្ថាបនិក Zoom ​បច្ចុប្បន្ន​គឺ​មានទ្រព្យសម្បត្តិប្រមាណជិត ៤ ពាន់លានដុល្លារ៕