ថ្មីៗនេះ យោងតាម Russell Group ដែលជាក្រុមហ៊ុនផ្តល់ទិន្នន័យ និងវិភាគ បានបង្ហាញឱ្យដឹងថា អគ្គីភ័យដែលបានឆាបឆេះកុងតឺន័ររាប់រយ នៅកំពង់ផែ Iskenderun ក្នុងប្រទេសតួកគី ដែលបង្កឡើងដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃចន្ទកន្លងទៅ អាចផ្តល់ផលរំខាន់ដល់ទំហំពាណិជ្ជកម្មរហូតដល់ ៦៨០លានដុល្លារ ។

ប្រភពខាងលើ បាននិយាយទៀតថា ឧបទ្ធវហេតុនេះ ត្រូវបានគេព្យាករថា នឹងផ្តល់ផលប៉ះពាល់ខ្លាំងដល់ខ្សែសង្វាក់ដឹកជញ្ជូន ជាពិសេសទៅលើការនាំចេញដែក ដែលមានតម្លៃរហូតដល់ ៣៦,៧លានដុល្លារ ក៏ដូចជាការនាំចូលសម្ភារ:ធ្វើអំពីប្លាស្ទិក ដែលមានតម្លៃ ៥១,៤ លានដុល្លារផងដែរ ។
គួរឱ្យដឹងថា កំពង់ផែ Iskenderun ត្រូវបានបិទប្រតិបត្តិការភ្លាមៗ នៅថ្ងៃទី ៦ ខែកុម្ភ: ហើយនៅតែត្រូវបន្តបិទរហូតដល់ថ្ងៃព្រហស្បតិ៍ទី ៩ ខែកុម្ភ: ស្របពេលខ្សែសង្វាក់ដឹកជញ្ជូនជាច្រើន ត្រូវបានពន្យាពេល ក្នុងការដឹកជញ្ជូនទំនិញនៅកំពង់ផែនោះ និងត្រូវបង្វែរទំនិញទៅកាន់កំពង់ផែ Mersin ដែលស្ថិតនៅក្បែរនោះជំនួសវិញ ។

យោងតាមការសិក្សារបស់ Russell បានឱ្យដឹងថា Iskenderun គឺជាកំពង់ផែផ្ទុកកុងតឺន័រដ៏សំខាន់បំផុតមួយ ក្នុងចំណោមកំពង់ផែដឹកជញ្ជូនសំខាន់ៗចំនួន ២ ផ្សេងទៀត ដែលស្ថិតនៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសតួកគី ហើយក៏ជាកន្លែងសម្រាប់ឧស្សាហកម្មធុនធ្ងន់ ដូចជាដែកថែប ជាមួយនឹងលំហូរពាណិជ្ជកម្មចំនួន ១៨០ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២២៕