រដ្ឋមន្ត្រីការបរទេសចិន-កម្ពុជា សន្យាជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ឱ្យទទួលបានផ្លែផ្កាកាន់តែច្រើន

អន្តរជាតិ

ក្រោយពីបញ្ចប់កិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង នារសៀលថ្ងៃទី ១០ កុម្ភៈ ២០២៣ រដ្ឋមន្ត្រីការបរទេសថ្មី Qin Gang ក៏បាន​ចូលជួប​ជជែក​ការងារ​ជាមួយឧបនាយករដ្ឋមន្ត្រី​ និងរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន​នាថ្ងៃដដែលផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CCTimes បាន​ឲ្យដឹងថា លោក Qin បាន​បង្ហាញ​ចំណាប់អារម្មណ៍​ខ្ពស់​រវាង​ទំនាក់ទំនង​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ២ ហើយលោក​ក៏បាន​ទម្លាយប្រាប់​លោក​ ប្រាក់ សុខុន​ថា ចិន​ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីរួមគ្នាអនុវត្តការឯកភាពដ៏សំខាន់ដែលមេដឹកនាំប្រទេសទាំងពីរសម្រេចបាន បន្តគាំទ្រយ៉ាងមុតមាំទៅវិញទៅមក ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍រៀងៗខ្លួន និងជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-កម្ពុជា ឱ្យកាន់តែរឹងមាំ និងទទួលបាន​ផ្លែផ្កា​រឹតតែច្រើនថែមទៀត។

ដោយឡែក លោក ប្រាក់ សុខុនវិញ​ក៏បាន​សម្ដែង​ក្ដីសាទរ​ចំពោះ​ចិន សម្រាប់​ការ​គាំទ្រ​ និងតែងតែ​ជួយ​ជ្រោមជ្រែងដល់​កម្ពុជា ដើម្បី​លើកកំពស់​ដល់​វិស័យសេដ្ឋកិច្ច​ឲ្យកាន់តែរីចម្រើន និង​សន្យា​ថា នឹង​រក្សា​ឆន្ទៈ​ធ្វើការ​ជាមួយចិន បង្កើតសហគមន៍​កម្ពុជា-ចិន ដើម្បី​អាច​សម្រេចគោលដៅ​នា​ថ្ងៃអនាគត​ព្រមគ្នា ក៏ដូចជា​រឹតបន្តឹង​មិត្តភាពមួយនេះ​ឲ្យកាន់តែ​រឹងមាំ​ផងដែរ។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ភាគីកម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទី និងការចូលរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងកិច្ចការអន្តរជាតិ គាំទ្រ ហើយនឹងចូលរួមយ៉ាងសកម្មក្នុងការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ពិភពលោក និងគំនិតផ្តួចផ្តើមសន្តិសុខពិភពលោក ដែលរួមចំណែកក្នុងការលើកកម្ពស់ ក្នុងការអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៕