ស្ករសូកូឡា ត្រូវបានគេចាត់ទុកថាជាកាដូមួយសម្រាប់ជូនដល់មនុស្សជាទីស្រលាញ់ ក្នុងនាមជាគូស្នេហ៍ ឬជាមិត្តភក្ដិ និងក្រុមគ្រួសារជាដើម។

ទន្ទឹមនឹងនោះ មាន ៤ ប្រទេសដែលជាអ្នកផលិតស្ករសូកូឡាច្រើនបំផុតលើលោក ដែលក្នុងនោះមានអាល្លឺម៉ង់ បែលហ្ស៊ិក អ៊ីតាលី និងប៉ូឡូញ ខណៈការនាំចេញសូកូឡានៃ ៤ ប្រទេសនេះ ក្ដោបសរុបរហូតដល់ ៤០% នៃការនាំចេញសូកូឡាទូទាំងពិភពលោក។
1/ ប្រទេសអាល្លឺម៉ង់

ធ្លាប់ជាប្រទេសនាំចេញសូកូឡាច្រើនបំផុតលើលោកកាលពីឆ្នាំ ២០២០ ហើយទទួលបានទឹកប្រាក់ប្រមាណជិត ៥ ពាន់លានដុល្លារ ហើយគិតតែទំហំនាំចេញរបស់អាល្លឺម៉ង់ មានរហូតដល់ ១៧% នៃការនាំចេញសរុបនាឆ្នាំនោះ។
2/ប្រទេសបែលហ្ស៊ិក

ស្ករសូកូឡានៃប្រទេសមួយនេះ ក៏ទទួលបានការគាំទ្រខ្លាំង និងជាមជ្ឈមណ្ឌលផលិតស្ករសូកូឡាធំបំផុតមួយលើលោកផងដែរ ខណៈក្រុមហ៊ុនផលិតស្ករសូកូឡាល្បីល្បាញ Godiva បានយកទីក្រុង Brussels ជាទីស្នាក់ការកណ្ដាល។
ក្នុងឆ្នាំ ២០២០ បែលហ្ស៊ិកនាំចេញស្ករសូកូឡារហូតដល់ ១១% នៃការនាំចេញសរុប និងទទួលបានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ។
3/ប្រទេសអ៊ីតាលី

ការផលិតស្ករសូកូឡា គឺជាប្រភពចំណូលដ៏ធំមួយរបស់ប្រទេសអ៊ីតាលី ហើយសង្វាក់ផលិតកម្មរបស់ពួកគេ ក៏ត្រូវបានកោតសរសើរពីសំណាក់ប្រជាជនទូទាំងពិភពលោកផងដែរ។ កាលពីឆ្នាំ ២០២០ អ៊ីតាលីនាំចេញស្ករសូកូឡា ច្រើនជាង ៧% នៃការនាំចេញសរុប និងទទួលបានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ។
4/ ប្រទេសប៉ូឡូញ

លេចវត្តមានប៉ូឡូញលើបញ្ជីឈ្មោះនេះ អាចជារឿងភ្ញាក់ផ្អើល ដ្បិតពួកគេទើបនឹងបង្កើនការផលិតស្ករសូកូឡាប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ កាលពីឆ្នាំ ២០២០ ពួកគេបាននាំចេញស្ករសូកូឡា ៧,៣% និងទទួលបានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ។
សូមជម្រាបដែរថា ថ្វីបើប្រទេសទាំង ៤ ខាងលើជាអ្នកផលិត និងនាំចេញស្ករសូកូឡាធំបំផុតលើលោកក៏ពិតមែន ប៉ុន្តែពួកគេមិនមែនជាអ្នកដាំដុះគ្រាប់កាកាវដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតស្ករសូកូឡាឡើយ។

ប្រទេសដែលដាំដុះគ្រាប់កាកាវធំបំផុតលើលោកគឺ ប្រទេសកូឌីវ័រដែលផលិតបានរហូតដល់ច្រើនជាង ២ លានតោន/ឆ្នាំ៕