ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier រួមជាមួយភរិយា លោកស្រី Eike Budenbender បានអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបហើយ នៅថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ ២០២៣ នេះ ដើម្បីមកបំពេញទស្សនកិច្ចផ្លូការនៅកម្ពុជា រយ:ពេល ៣ ថ្ងៃ តបតាមការអញ្ជើញ របស់សម្តេចវិបុសសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ។
ជុំវិញការអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជានេះ លោក Farnk-Walter Steinmeier គឺជាប្រធានាធិបតី ទី ១២ របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលត្រូវបានឡើងកាន់តំណែង នៅក្នុងឆ្នាំ ២០១៧ ខណ:លោក ក៏ធ្លាប់បានកាន់តួនាទីជាច្រើនផ្សេងទៀតផងដែរ នៅក្នុងជួររដ្ឋាភិបាល មុនពេលទទួយលបានតំណែងកំពូលនេះ។
លោក Frank-Walter Steinmeier បានកើតនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៥៦ ក្នុងទីក្រុង Detmodl ប្រទេសអាល្លឺម៉ង់ ដោយលោកបានរៀបការជាមួយ លោកស្រី Elke Budenbender ចាប់តាំងពីឆ្នាំ ១៩៩៥ មក ហើយរហូតមកដល់បច្ចុប្បន្ន មានកូនស្រីម្នាក់ ។
បន្ទាប់ពីចូលរៀននៅក្នុងសាលាមួយក្នុងទីក្រុង Blomberg លោក Frank បានចាប់ផ្តើមសិក្សាយកសញ្ញាបត្រផ្នែកច្បាប់ នៅសាកលវិទ្យាល័យ Justus Liebig ក្នុងទីក្រុង Giessen ក្នុងឆ្នាំ ១៩៧៦ ខណ:លោក ក៏បានបន្តសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយផងដែរ នៅក្នុងឆ្នាំ ១៩៨០ ។
លោក Frank បានប្រឡងជាប់ច្បាប់ថ្នាក់ជាតិជាលើកដំបូង នៅក្នុងឆ្នាំ ១៩៨២ ហើយបន្ទាប់មកទទួលបានការបណ្តុះបណ្តាលផ្នែកច្បាប់នេះ នៅទីក្រុង Frankfurt am Main និង Giessen។ បន្ទាប់មកទៀត លោកបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នៅពេលដែលលោក បានប្រឡងជាប់ច្បាប់ថ្នាក់ជាតិ ជាលើកទីពីរក្នុងឆ្នាំ ១៩៨៦ និងបន្ទាប់មកលោក បានទៅធ្វើការជាអ្នកស្រាវជ្រាវ នៅផ្នែកច្បាប់សាធារណៈ និងវិទ្យាសាស្ត្រនយោបាយ ក្នុងសាកលវិទ្យាល័យ Justus Liebig នៅទីក្រុង Giessen ។
លុះទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ នៅក្នុងឆ្នាំ ១៩៩១ មក លោក Frank បានផ្លាស់ទៅកាន់រដ្ឋ Chancellery of Land Lower Saxony ក្នុងទីក្រុង Hanover ជាកន្លែងដែលលោក ទទួលបានការងារជាមន្ត្រីច្បាប់ និងគោលនយោបាយប្រព័ន្ធផ្សព្វផ្សាយ។ នៅឆ្នាំ ១៩៩៣ លោកបានឡើងកាន់តំណែងជាប្រធានការិយាល័យជំនួសតំណែងរបស់លោក Gerhard Schroder ។ លុះដល់ឆ្នាំបន្ទាប់ លោកត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាន សម្រាប់គោលការណ៍ណែនាំ និងសម្របសម្រួលអន្តរក្រសួង និងផែនការ ខណ:នៅពីរឆ្នាំក្រោយ លោក Frank បានក្លាយជារដ្ឋលេខាធិការ និងជាប្រធានរដ្ឋលេខាធិការដ្ឋានដែនដី នៃ Loweer Saxony ។
នៅក្នុងឆ្នាំ ១៩៩៨ លោក Frank ត្រូវបានគេបន្តតែងតាំងជារដ្ឋលេខាធិការ នៅអធិការបតីសហព័ន្ធ និងជាស្នងការស៊ើបការណ៍សម្ងាត់របស់សហព័ន្ធ ខណ:លោកក៏បានបម្រើការជាប្រធានអធិការបតីសហព័ន្ធ ចាប់ពីឆ្នាំ ១៩៩៨ ផងដែរ ។
លោក Frank ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស នៅក្នុងឆ្នាំ ២០០៥ និងជាអធិការបតីរងចាប់ពីឆ្នាំ ២០០៧ ។ នៅពីឆ្នាំក្រោយមក លោកបានឈ្នះអាសន: ក្នុងការបោះឆ្នោតមួយ នៅ Land Brandenburg ហើយបានក្លាយជា សមាជិកនៃសភា Bundestag អាល្លឺម៉ង់។
ក្រុមសភានៃគណបក្សសង្គមប្រជាធិបបតេយ្យអាល្លឺម៉ង់ (SPD) បានសម្រេចជ្រើសតាំងលោក Frank ឱ្យឡើកាន់តំណែងជាប្រធាន ហើយនៅបួនឆ្នាំក្រោយមក លោកបានក្លាយជារដ្ឋមន្ត្រីការបរទេសជាលើកទីពីរ និងបានបម្រើការងារក្នុងតួនាទីនេះ រហូតដល់ខែមករា ឆ្នាំ ២០១៧ ។
លោក Frank ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី ទី ១២ នៃសាធារណ:រដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី ១២ ខែកុម្ភ: ឆ្នាំ ២០១៧ និងបានជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទី ២ នៅថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ ២០២២។
ជុំវិញសមត្ថភាពដឹកនាំដ៏ជោគជ័យនេះ លោក Frank-Walter Steinmeier បានទទួលមេដាយ និងពានរង្វាន់កិត្តិយសជាច្រើន ដូចជាពានរង្វាន់ Ignatz Bubis សម្រាប់ការយល់ដឹង , ពានរង្វាន់ Europe សម្រាប់វប្បធម៌នយោបាយ , ពានរង្វាន់ Bosphorus សម្រាប់ការយល់ដឹងពីតំបន់អឺរ៉ុប រួមទាំង ពានរង្វាន់ Evangelical Academy នៃ Tutzing និងពានរង្វាន់ Ecumenical នៃបណ្ឌិត្យសភាកាតូលិកនៅ Bavaria ផងដែរ៕