យោងតាមនាយករដ្ឋានចរចាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ប្រទេសរបស់ខ្លួន នឹងស្វែងរកការជំរុញពាណិជ្ជកម្មជាមួយប្រទេសចិនបន្ថែមទៀត នៅពេលដែលថៃ នឹងត្រូវធ្វើជាផ្ទះ កិច្ចប្រជុំនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) នៅក្នុងខែមេសាខាងមុខ។
បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា នេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូង ចាប់តាំងពីភាគីទាំងពីរ បានយល់ព្រមធ្វើឱ្យមានភាពប្រសើរឡើង នូវកិច្ចព្រមព្រៀង ACFTA អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី ២៥ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ។
មិនតែប៉ុណ្ណោះ នាយកដ្ឋានខាងលើ បាននិយាយទៀតថា គណ:កម្មាធិការរួមនៃ ACFTA ក៏សង្ឃឹមផងដែរថា ក្របខ័ណ្ឌនៃការចរចាពាណិជ្ជកម្មរវាងអាស៊ាន និងចិន រួមទាំងព័ត៌មានលម្អិតសំខាន់ៗផ្សេងទៀតនៃកិច្ចព្រមព្រៀងនេះ អាចនឹងសម្រេចបានជាផ្លូវការ នៅក្នុងឆ្នាំ ២០២៤ ខាងមុខ ។
គួរឱ្យដឹងថា ក្របខ័ណ្ឌនេះ នឹងគ្របដណ្តបទៅលើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ការប្រកួតប្រជែង និងការការពារផលប្រយោជន៍សិទ្ធិអ្នកប្រើប្រាស់ផងដែរ ។
ជម្រាបជូនថា កាលពីឆ្នាំមុន ពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ ជាមួយចិន បានកើនឡើង ១,៥៣% ដល់ ១០៥,៤ ពាន់លានដុល្លារ ដោយក្នុងនោះទឹកប្រាក់ចំនួន ៣៤,៣៨ ពាន់លានដុល្លារ ទទួលបានពីការនាំចេញទំនិញរបស់ថៃ ទៅកាន់ប្រទេសចិន ៕