ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ី និងចិន បានឈានដល់ការព្រមព្រៀងគ្នា ទៅលើកមញ្ចប់ថវិកាបន្ថែមចំនួន ១៨ ទ្រីលានរូពី (១,២ពាន់លានដុល្លារ) សម្រាប់គម្រោងផ្លូវដែកល្បឿនលឿន Jakarta-Bandung ដែលត្រូវបានគេកំណត់ថានឹងក្លាយជាផ្លូវដែលល្បឿនលឿន ដំបូងគេបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងថា ដំបូងឡើយគម្រោងផ្លូវដែកល្បឿនលឿននេះ នឹងចំណាយអស់ទឹកប្រាក់ប្រហែល ៦៦,៧៦ទ្រីលានរូពី (៤,៣ពាន់លានដុល្លារ) ប៉ុណ្ណោះ នៅពេលដែលគម្រោងនេះ បានចាប់ផ្តើមដំណើរការសាងសង់ នៅក្នុងឆ្នាំ ២០១៥ ។
ប៉ុន្តែទោះជាយ៉ាងណា បើតាមក្រុមហ៊ុន PT KCIC ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ី និងចិន ដែលទទួលបន្ទុកសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ បាននិយាយថា ចាប់តាំងពីពេលនោះមក ការចំណាយបានកើនឡើង រហូតដល់ ១១៣ ទ្រីលានរូពី (៧,៤ពាន់លានដុល្លារ) ។
ដោយថ្លែងក្នុងសភា កាលពីដើមសប្តាហ៍នេះ អនុរដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋឥណ្ឌូនេស៊ី លោក Kartika Wirjoatmodjo បាននិយាយថា កញ្ចប់ថវិការបន្ថែមចំនួន ១,២ពាន់លានដុល្លារ គឺត្រូវបានព្រមព្រៀងគ្នារួចរាល់ហើយ ក្នុងអំឡុងកិច្ចប្រជុំមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីមួយរយ:មុន ។
លើសពីនេះ លោក Kartika បានបន្តទៀតថា ៖ ” យើងបានយល់ព្រមទៅលើការចំណាយលបន្ថែមចំនួន ១,២ពាន់លានដុល្លារ ប៉ុន្តែនៅមានរឿងមួយចំនួន ដែលយើងកំពុងពិនិត្យឡើងវិញ ជាពិសេសទាក់ទងជាមួយពន្ធ។ បច្ចុប្បន្នយើងកំពុងស្ថិតនៅក្នុងការចរចាលើលក្ខខណ្ឌ ចំពោះប្រាក់កម្ចីពីធនាគារអភិវឌ្ឍចិន (CDB) ដែលរំពឹងថាអាចនឹងដោះស្រាយ ក្នុងពេលមួយ ទៅពីរសប្តាហ៍ខាងមុខ។ ដូច្នេះគម្រោងរថភ្លើងល្បឿនលឿនរបស់យើង អាចបញ្ចប់ទៅតាមពេលវេលាកំណត់ នៅត្រឹមខែមិថុនា ឬកក្កដា ឆ្នាំ ២០២៣ នេះ ” ។
ជម្រាបផងដែរថា ខ្សែរថភ្លើងនេះ មានប្រវែង ១៤២ គីឡូម៉ែត្រ ដែលត្រូវតភ្ជាប់ពីទីក្រុងហ្សាកាតា ទៅកាន់ទីក្រុង Bandung ដែលជាក្រុងមួយ ស្ថិតនៅភាគខាងលិចកោះជ្វា ដោយចំណាយពេលក្នុងការធ្វើដំណើរត្រឹមតែ ៤០ នាទីប៉ុណ្ណោះ ខណ:គម្រោងនេះទៀតសោត ដំបូងឡើយត្រូវបានគេកំណត់ថានឹងបញ្ចប់ នៅត្រឹមឆ្នាំ ២០១៩ ប៉ុន្តែដោយសារតែបញ្ហាដីធ្លី និងជំងឺកូវីដ-១៩ បានធ្វើឱ្យមានការពន្យាពេល ៕