Elon Musk បរិច្ចាគភាគហ៊ុនតម្លៃជិត ២ពាន់លានដុល្លារ ទៅឱ្យអង្គការសប្បុរសធម៌ កាលពីឆ្នាំមុន

អន្តរជាតិ

យោងតាមឯកសារមួយ ដែលបានផ្ញើទៅកាន់គណ:កម្មការមូលបត្រអាមេរិក (SEC) បានបង្ហាញឱ្យដឹងកាលពីថ្ងៃអង្គារថា មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានធ្វើការបរិច្ចាគភាគហ៊ុនរបស់ខ្លួន ដែលមានតម្លៃរហូតទៅដល់ ១,៩៥ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Telsa ជូនដល់អង្គការសប្បុរសធម៌​ កាលពីឆ្នាំ ២០២២ កន្លងទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងទៀតថា លោក​ Musk បានបរិច្ចាគភាគហ៊ុនប្រហែល ១១,៦ លានហ៊ុន នៅចន្លោះខែសីហា ដល់ខែធ្នូ កាលពីឆ្នាំមុន ប៉ុន្តែបើតាមឯកសារខាងលើ មិនបានបញ្ជាក់ថាអង្គការសប្បុរសធម៌ណាមួយ ដែលជាអ្នកទទួលបានភាគហ៊ុនទាំងនេះនោះឡើយ ។

គួរឱ្យដឹងថា បច្ចុប្បន្ននេះ លោក Musk មានភាគហ៊ុនសរុបប្រហែល ១៣% នៅក្នុងក្រុមហ៊ុន Tesla ខណ:កាលពីឆ្នាំ ២០២១ កន្លងទៅ មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតទីពីរ របស់ពិភពលោករូបនេះ ក៏បានធ្វើការបរិច្ចាគភាគហ៊ុន ដែលមានតម្លៃប្រហែល ៥,៧៤ ពាន់លានដុល្លារផងដែរ ។

យ៉ាងណាមិញ បើតាមអ្នកវិភាគ បានបង្ហាញឱ្យដឹងថា លោក Musk ប្រហែលជាអាចទទួលបានអត្ថប្រយោជន៍ច្រើនពីភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Tesla ប្រសិនបើគាត់ធ្វើការបរិច្ចាគវាទៅកាន់អង្គការសប្បុរធម៌ណាមួយនោះ ក៏ព្រោះតែការបរិច្ចាគនេះ គឺមិនចាំបាច់ត្រូវខ្វល់រឿងបង់ពន្ធ ដូចជាពេលគាត់លក់ភាគហ៊ុនចេញនោះឡើយ ។

ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ ២០០១ មហាសេដ្ឋីអាមេរិករូបនេះ បានបង្កើតមូលនិធិផ្ទាល់ខ្លួនមួយ ឈ្មោះ Musk ដើម្បីធ្វើការផ្តល់ជំនួយ សម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព ក្នុងការផ្តល់ជាប្រយោជន៍ដល់មនុស្សជាតិ និងរួមទាំងការអភិវឌ្ឍទៅលើបច្ចេកវិទ្យាផ្សេងៗទៀតផងដែរ ៕