Ford នឹងកាត់បន្ថយបុគ្គលិកជិត ៤ ពាន់នាក់នៅអឺរ៉ុប ដើម្បីផ្ដោតលើការផលិតរថយន្តអគ្គិសនី

អន្តរជាតិ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតយក្ស Ford បាន​ប្រកាស​កាលពី​ថ្ងៃអង្គារ​ថា ពួកគេ​មាន​គម្រោង​កាត់បន្ថយ​បុគ្គលិក​រហូតដល់ ៣ ៨០០ កន្លែង​នៅ​តំបន់អឺរ៉ុប ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ និង​ងាក​មក​ផ្ដោត​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​ការ​ចុះផ្សាយពី CNBC បាន​បង្ហាញថា ក្រុមហ៊ុន​មាន​បំណង​ចង់​កាត់​បន្ថយ​បុគ្គលិក​លើ​ផ្នែកការអភិវឌ្ឍផលិតកម្ម និងការគ្រប់គ្រង​នៅ​ប្រទេសអាល្លឺម៉ង់ ២ ៣០០ នាក់ នៅ​អង់គ្លេស ១ ៣០០ នាក់ និង​នៅ​តំបន់អឺរ៉ុប​ផ្សេងៗ ២០០ នាក់។

បន្ថែមពីនោះ ក្រុមហ៊ុន​នឹង​រក្សា​ទុក​នូវ​ឱកាសការងារ​វិស្វករ​ឲ្យនៅ​ទំនេរ​ប្រមាណ ៣ ៤០០ កន្លែង​ទូទាំង​អឺរ៉ុប ដែល​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ និង​ការ​រចនា​ម៉ូដរថយន្ត ខណៈ​ពួកគេ​បង្ហើបថា បច្ចុប្បន្ន​បុគ្គលិក​ Ford នៅអឺរ៉ុប​មាន​សរុប​ប្រមាណ ៣៤ ០០០ នាក់។

បើទោះជាពួកគេ​មាន​បំណងចង់កាត់បន្ថយ​បុគ្គលិក​ជាង ១០% នៅ​អឺរ៉ុប​ក្ដី ប៉ុន្តែ​វា​នឹង​មិនប៉ះពាល់​ដល់ផែនការ​ផលិត​រថយន្ត​អគ្គិសនី​ទាំងអស់​នៅឆ្នាំ ២០៣៥ របស់ Ford នោះឡើយ ដ្បិត​រថយន្ត​អគ្គិសនី​តំបូង​បំផុត​របស់ក្រុមហ៊ុន ដែលផលិតនៅអឺរ៉ុបនឹងលេចរូបរាងនាឆ្នាំនេះ៕