ថ្មីៗនេះ រដ្ឋាភិបាលប្រទេសថៃ បានធ្វើការអនុម័តចំពោះការប្រមូលថ្លៃសេវា ចាប់ពី ១៥០ បាត ទៅ ៣០០ បាត (៤,៣ដុល្លារ-៨,៧ដុល្លារ) ពីភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកាន់ប្រទេសរបស់ខ្លួន ដោយច្បាប់ថ្មីនេះ នឹងត្រូវអនុវត្តចាប់ផ្តើមពីថ្ងៃទី ១ ខែមិថុនា តទៅ ។
បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងទៀតថា ថ្លៃសេវានេះ នឹងគិតតម្លៃ ៣០០ បាត សម្រាប់ភ្ញៀវបរទេស ដែលចូលមកកាន់ប្រទេសថៃ តាមរយ:ផ្លូវអាកាស និង ១៥០ បាត សម្រាប់អ្នកដំណើរដែលចូលមកតាមរយ:ផ្លូវគោក និងផ្លូវសមុទ្រ ។
គួរឱ្យដឹងផងដែរថា សម្រាប់អ្នកដំណើរ ដែលចូលមកកាន់ប្រទេសថៃ ត្រឹមតែរយ:ពេលមួយថ្ងៃ នោះរដ្ឋាភិបាល នឹងមានការលើកលែងចំពោះថ្លៃសេវានេះ ស្របពេលជនបរទេស ដែលកាន់ប័ណ្ណការងារ នៅក្នុងប្រទេសថៃ ក៏នឹងតម្រូវឱ្យមានការបង់ថ្លៃសេវានេះផងដែរ ប៉ុន្តែពួកគេ អាចនឹងទទួលបានប្រាក់នោះត្រឡប់ទៅវិញ នៅពេលក្រោយ ។
យ៉ាងណាមិញ រដ្ឋាភិបាលថៃ រំពឹងទុកខ្ពស់ថាប្រទេសរបស់ខ្លួន អាចនឹងប្រមូលបានប្រហែល ៣,៩ ពាន់លានបាត នៅពេលច្បាប់ថ្មីនេះ ត្រូវអនុវត្តជាផ្លូវការ នៅក្នុងឆ្នាំ ២០២៣ នេះ ។
ដោយឡែក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakarn បានបញ្ជាក់ឱ្យដឹងថា ថ្លៃសេវានេះ នឹងត្រូវយកទៅបង្វិល ដើម្បីទុកប្រើប្រាស់សម្រាប់ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្សេងៗ សម្រាប់ភ្ញៀវទេសចរ អំឡុងពេលស្នាក់នៅ ក្នុងប្រទេសថៃ ក៏ដូចជាជួយស្តាតំបន់ទេសចរណ៍ ក្នុងស្រុកឡើងវិញប៉ុណ្ណោះ៕